លោក Ole Gunnar Solskjaer បានស្តីបន្ទោសទៅលើការខ្វះនូវភាពមុតស្រួចរបស់ក្រុម Manchester United ខណៈដែលគ្រូបង្វឹកសញ្ជាតិន័រវែសរូបនេះ បានស្គាល់រសជាតិចាញ់ក្នុងការប្រកួតយុទ្ធនាការក្នុងស្រុកជាលើកទី១ ក្នុងនាមជាអ្នកចាត់ការទូទៅបណ្តោះអាសន្ន ក្រោយពីក្រុមរបស់ខ្លួនបានរងបរាជ័យក្នុងលទ្ធផល ២-០ នៅលើទឹកដីក្រុម Arsenal កាលពីថ្ងៃអាទិត្យ។

គ្រាប់បាល់ស៊ុតបញ្ចូលទីនៅដើមតង់របស់ខ្សែបម្រើ Granit Xhaka និងគ្រាប់បាល់ប៉េណាល់ទីនៅរយៈពេល១២ចុងក្រោយរបស់ខ្សែប្រយុទ្ធ Pierre Emerick-Aumbameyang បានជួយឲ្យក្រុមកាំភ្លើងធំ ឡើងឈរពីលើក្រុម Man United ក្នុងចំណាត់ថ្នាក់លេខ៤ នៅលើតារាងក្របខ័ណ្ឌ Premier League។

ក្រុមរបស់លោក Unai Emery ក៏ដេញតាមពីក្រោយក្រុមឈរលេខ៣ Tottenham ត្រឹមតែ១ពិន្ទុ ផងដែរ ហើយបច្ចុប្បន្ន កំពុងតែមានប្រៀបក្នុងការប្រជែងយកកៅអីទៅលេងក្នុងក្របខ័ណ្ឌ Champions League។ Arsenal នឹងមិនជួបក្រុមមានចំណាត់ថ្នាក់កំពូលទាំង៦ក្នុងការប្រកួតក្របខ័ណ្ឌលីកដែលនៅសល់ទាំង៨លើកចុងក្រោយរបស់ពួកគេទៀតឡើយ ស្របពេលដែល Man United នឹងត្រូវធ្វើជាម្ចាស់ផ្ទះទទួលក្រុម Manchester City និង Chelsea ក្នុងបសប្តាហ៍បន្តបន្ទាប់ទៀត ស្របពេលការប្រជែងយកកៅអី Champions League និងក្នុងយុទ្ធនាការ FA Cup ស្ថិតក្នុងគោលដៅជាអាទិភាពរបស់ពួកគេ។

លោក Solskjaer បានឲ្យដឹងថា៖ «អ្នកត្រូវតែខកចិត្តជាមួយនឹងលទ្ធផលនេះ ប៉ុន្តែ ការបង្ហាញពីទម្រង់លេងពិតជាស្ថិតក្នុងកម្រិតល្អ។ គ្រាប់បាល់ទី១តែងតែកាត់សេចក្តីក្នុងការប្រកួត។ យើងបានបង្កើតឱកាសជាច្រើន ពោលគឺឱកាសល្អៗ យើងបានស៊ុតបាល់ប៉ះរបារទី២លើក ហើយ Bern Leno លេងបានយ៉ាងល្អ។ ទាក់ទងនឹងការគ្រប់គ្រងការប្រកួត យើងមិនគួររងនូវការខកចិត្តខ្លាំងឡើយ»៕

ប្រភពព័ត៌មាន៖ Channel News Asia
