Ashley Young បានស៊ុតបាល់បញ្ចូលទី ២គ្រាប់យ៉ាងល្អនៅពេលប្រកួតជាមួយនឹងអតីតក្លិបរបស់គេ ខណៈដែលក្រុម Manchester United បានផ្តួលក្រុម Watford ក្នុងលទ្ធផល ៤-២ ដើម្បីកត់បន្ថយពិន្ទុដេញតាមពីក្រោយក្រុម Manchester City នៅត្រឹម ៥ពិន្ទុនៅលើតារាងនៃក្របខ័ណ្ឌ Premier League។ ស្របពេលជាមួយគ្នានេះ ក្តីសង្ឃឹមនៃការប្រជែងពានរបស់ក្រុម Tottenham បានជួបការខកចិត្តដ៏ធំមួយ ក្រោយពីបានរងបរាជ័យក្នុងលទ្ធផល ២-១ នៅលើទឹកដីក្រុម Leicester កាលពីថ្ងៃអង្គារ។

ខ្សែបម្រើអន្តរជាតិអង់គ្លេស Young បានស៊ុតបាល់បញ្ចូលទី២គ្រាប់ក្នុងរយៈពេល ៦នាទីដំបូង នៅកីឡដ្ឋាន Vicarage Road កាលពីថ្ងៃអង្គារ ខណៈដែល Anthony Martial និង Jesse Lingard ក៏បានស៊ុតបាល់បញ្ចូលទីផងដែរ។ ក្រោយពីបានរងបរាជ័យក្នុងការប្រកួតក្រៅដី ២លើកជាប់ៗគ្នា វាជាការទទួលជ័យជម្នះដ៏សំខាន់មួយសម្រាប់ក្រុម Man United របស់លោក Jose Mourinho ដែលនឹងជួបប្រកួតជាមួយនឹងក្រុម Arsenal នៅថ្ងៃសៅរ៍នេះ ខណៈដែលជ័យជម្នះនេះ នឹងធ្វើឲ្យក្រុម Man City ត្រូវរក្សាការផ្តោតអារម្មណ៍ នៅមុនពេលការប្រកួតរបស់ពួកគេជាមួយនឹងក្រុម Southampton នារាត្រីនេះ។

វីឌីអូហាយឡាយ Watford vs Man United ៖

នៅឯកីឡដ្ឋាន King Power ឯនោះវិញ ក្រុម Tottenham បានភ្លាត់ស្នៀតឆ្ពោះទៅកាន់ការរងបរាជ័យដ៏ខកចិត្តមួយ ដែលធ្វើឲ្យពួកគេបានកត់ត្រាជ័យជម្នះត្រឹមតែ១លើកគត់ក្នុងចំណោមការប្រកួតក្របខ័ណ្ឌលីក ៥លើកចុងក្រោយរបស់ពួកគេ។ ក្រុម Crystal Palace បានខកខានឱកាសមួយក្នុងការគេចឲ្យផុតពីបាតតារាង ខណៈដែលក្រុមរបស់លោក Roy Hodgso ត្រឹមតែអាចបញ្ចប់ក្នុងលទ្ធផលស្មើ ០-០ ជាមួយនឹងក្រុម Brighton៕

វីឌីអូហាយឡាយ Leicester City vs Tottenham ៖