លោក Diego Simeone គ្រូបង្វឹករបស់ក្រុម Atletico Madrid បានព្រមានដ៏ក្រុមលោកកាលពីថ្ងៃចន្ទថា ក្រុម Juventus មិនមែនមានតែខ្សែប្រយុទ្ធ Cristiano Ronaldo នោះឡើយ ខណៈដែលក្រុមយក្យអេស្ប៉ាញមួយនេះ សម្លឹងរកការដណ្តើមយកឱកាសរបស់ពួកគេ ក្នុងទីក្រុង Turin និងរក្សាការស្ថិតក្នុងការប្រជែងរបស់ពួកគេសម្រាប់ការឈ្នះពាន Champions League ជាលើកទី១។

ក្រុមរបស់លោក Simeone នឹងនាំយកការនាំមុខក្នុងលទ្ធផល ២-០ ទៅកាន់ការប្រកួតជើងទី២ នៃវគ្គ ១៦ក្រុមចុងក្រោយជាមួយនឹងក្រុម Juventus នាកីឡដ្ឋាន Allianz នៅរាត្រីនេះ និងស្ថិតជាក្រុមមានក្តីសង្ឃឹមខ្ពស់ក្នុងការឈានទៅវគ្គ ៨ក្រុមចុងក្រោយ តាមរយៈការទម្លាក់ក្រុមមួយដែលបានទិញយក Ronaldo ពីក្លិប Real Madrid កាលពីរដូវកាលមុន ដោយមានគោលបំណងក្នុងការប្រជែងពាន Champions League ជាលើកទី១ បើគិតចាប់តាំងពីឆ្នាំ១៩៩៦។

លោក Simeone ដែលបានបញ្ជាក់ថា មិនមានក្រុមណាមានប្រៀបជាង បើទោះបីក្រុមរបស់លោកមានប្រៀបយ៉ាងណាក៏ដោយ លោកបានបញ្ជាក់ថា៖
«អ្នកមិនអាចនិយាយតែពី Ronaldo បានឡើយ ព្រោះ Juventus ជាក្រុមដ៏អស្ចារ្យមួយ មានកីឡាករឆ្នើមៗជាច្រើន ដែលស៊ាំងទៅនឹងការប្រជែងក្នុងដំណាក់កាលដ៏សំខាន់ និងជាក្រុមមានភាពរឹងមាំក្នុងតំបន់ការពារ»។
គ្រូបង្វឹករូបនេះបានបន្ថែមទៀតថា៖
«ទាំងនេះគឺការប្រកួត ២ ផ្សេងគ្នា ពោលគឺការប្រកួតជើងទី១ និងជើងទី២។ យើងនឹងត្រូវតែដណ្តើមយកឱកាសផ្សេងៗ និងប្រឹងឲ្យអស់ពីសមត្ថភាពរបស់យើង»៕

ប្រភព៖ Channel News Asia
