អ្នកចាត់ការទូទៅ Claudio Raneiri រកបានជ័យជម្នះដំបូងក្នុងការវិលទៅដឹកនាំក្លឹបអ៊ីតាលី AS Roma ជាលើកទី២ តាមរយៈយកឈ្នះក្រុមភ្ញៀវ Empoli ២-១ នាយប់មិញនេះក្នុងសប្តាហ៍ទី២៧ ជើងទី២ នៃពានរង្វាន់ លីគ កំពូល Serie A។

អតីតគ្រូបង្វឹកនៃក្លឹប Fulham ដែលត្រូវបានបណ្តេញចេញកាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ ត្រូវបានតែងតាំង ឲ្យដឹក នាំ Roma កាលពីថ្ងៃសុក្រសប្តាហ៍មុន ពោលគឺមានរយៈពេល ៣ថ្ងៃប៉ុណ្ណោះ ក្រោយក្លឹបជើងខ្លាំងអ៊ីតាលី មួយនេះបណ្តេញលោក Eusebio di Francesco ចេញពីតំណែង ក្រោយដឹកនាំជ្រុះចេញពី UEFA Champions League ដ៏លឿនបំផុតត្រឹមវគ្គ ១៦ក្រុមចុងក្រោយក្រោមថ្វីជើងរបស់ FC Porto។

Raneiri ក៏ធ្លាប់ជាអតីតកីឡាកររបស់ Roma ផងដែរកាលពីអំឡុងឆ្នាំ១៩៧៣-១៩៧៤ និងធ្លាប់បានដឹកនាំក្លឹបនេះ កាលខែកញ្ញា ឆ្នាំ២០០៩ ដល់ខែកុម្ភៈ ឆ្នាំ២០១១ ដោយបានបញ្ចប់ទៅចំណាត់ថ្នាក់លេខ២ ផងដែរនៅរដូវកាល ឆ្នាំ២០០៩-២០១០ ចាញ់ក្រុមជើងឯក Inter Milan តែ២ពិន្ទុប៉ុណ្ណោះ។

តាមរយៈពេល ៣ពិន្ទុដែល Roma ដណ្តើមបានពីក្រុមដែលកំពុងឈរនៅលេខ១៧ Empoli បន្តឈរនៅលេខ រៀងទី៥ បណ្តោះអាសន្នដដែល ដោយមាន ៤៧ពិន្ទុគិតត្រឹមសប្តាហ៍ទី២៧ ជើងទី២ ចាញ់ក្រុមលេខ៤ Inter Milan ចំនួន៣ពិន្ទុ ក្នុងតំបន់ឈ្នះកៅអីលេងនៅក្របខណ្ឌអឺរ៉ុប UEFA Champions League រដូវកាលក្រោយ៕