យោងតាមការចេញផ្សាយរបស់គេហទំព័រ Marca របស់អេស្ប៉ាញបានអោយដឹងថាៈ ខ្សែប្រយុទ្ធ Ronaldo មានទំនុកចិត្តយ៉ាងខ្លាំងនិង ធ្លាប់បានប្រាប់ក្រុមគ្រួសាររបស់គាត់និងមិត្តភក្តិជិតស្និទ្ធផ្សេងទៀតថាគាត់នឹងរកគ្រាប់បាល់បាន ៣គ្រាប់ អោយម្ចាស់ជើងឯក SerieA អ៊ីតាលីឈានទៅកាន់វគ្គ ១/៤ ផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions Leagueបន្តទៀត។ ការពិតខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់វ័យ ៣៤ឆ្នាំរូបនេះ បានបង្ហាញទម្រង់លេងដ៏គួរឱ្យភ្ញាក់ផ្អើលបន្ទាប់ពីបានដឹកនាំក្រុម Juventus វាយបកផ្តួល At.Madrid ក្នុងលទ្ធផល ៣:0 ក្រោយពីបរាជ័យលើកទី១ ក្នុងលទ្ធផល ២-0 ដើម្បីឈានទៅប្រកួតវគ្គ ៨ក្រុមចុងក្រោយបន្តទៀត។ Ronaldo បានធ្វើឱ្យម្ចាស់ជើងឯក Serie A នាំមុខមុននៅនាទីទី២៧ មុនពេលបន្ថែមពីរគ្រាប់ទៀតនៅតង់ទី ២ ជាមួយលទ្ធផល hat-trick រួមបញ្ចូលជំនាញស៊ុតប៉េណាល់ទី។

គួរកត់សម្គាល់ថាកំលុងការប្រកួត មិត្តស្រីរបស់អតីតខ្សែប្រយុទ្ធ Real Madrid និងកូនប្រុសច្បងរបស់ខ្លួនក៏មានវត្តមាន កីឡាដ្ឋានទីក្រុងទូរីនខណៈពេលដែលពួកគេបានរីករាយស្វាគមន៏ និងត្រេកអរជាមួយលទ្ធផលដូចការរំពឺងទុកនេះ។ ព្រឹត្តការណ៏ប្រកួតត្រូវបានគេមើលឃើញថា Ronaldo ព្យាករណ៍គ្រាប់បាល់ស៊ុតបញ្ចូលទីបានចំនួនបីគ្រាប់ទៅលើ Atletico Madrid មុនពេលការប្រកួតចាប់ផ្តើម។ ដែលហេតុការណ៏នេះត្រូវបានមជ្ឈដ្ឋានបាល់ទាត់យល់ថាជាការព្យាករណ៍របស់ Ronaldo ជាមួយក្រុមជើងឯក Europa league របស់គ្រូបង្វឹកអាហ្សង់ទីនលោក Diego Simeone ។

អ្វីដែលមិនមែនជារឿងចៃដន្យនោះគឺ Ronaldo ធ្លាប់បានស៊ុតបាល់បញ្ចូលទីចំនួនបីគ្រាប់កំលុងពេលជួប Atletico ក្នុងក្របខ័ណ្ឌ La Liga ក្នុងរដូវកាល ២០១៦/២០១៧ ក្នុងនាមជាខ្សែប្រយុទ្ធ Real Madrid មុនពេលធ្វើបានម្តងទៀត ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League រវាងក្រុមទាំងពីរដដែលនៅរដូវកាលដូចគ្នានោះ។ ដូច្នេះសរុបមក Ronaldo ធ្វើបាន Hat-trick ៣ដង រយៈពេល ៣ឆ្នាំចុងក្រោយនេះ។

ប្រភព៖ sportskeeda