អតីតគ្រូបង្វឹកចាស់លោក Zinedine Zidane​ បាន​វិល​ត្រលប់​មក​ទីលាន​ហ្វឹកហាត់​របស់ក្រុមស្តេចសរ Real Madrid វិញ​ហើយ បន្ទាប់ពី​ការ​តែង​តាំង​ត្រលប់​មក​កាន់​តំណែង​គ្រូ​បង្វឹក​វិញ​កាលពី​ថ្ងៃ​ចន្ទ​ កន្លងមកនេះ វាក៏ជាការត្រឡប់សារជាថ្មីរបស់គាត់ផងដែរ។

​​នេះ​ជា​ត្រលប់​មក​ដឹកនាំ Real Madrid លើក​ទី​ពីរ​សម្រាប់ Zinedine Zidane​ ដែល​មាន​គម្រោង​ស្រោច​ស្រង់​ស្ថានភាព​លំបាក​មកវិញ​ ចាប់​តាំង​ពី​លោក​បាន​ចាកចេញ​កាលពី​ខែ​ឧសភា​ឆ្នាំមុន​។ ​បុរស​សញ្ជាតិ​បារាំង​រូប​នេះ​បាន​វិល​មក​ជំនួស​តំណែង​លោក Santiago Solari​ ដែល​ត្រូវ​បាន​បណ្ដេញ​ចេញ ​ក្រោយ​ដឹកនាំ​មិន​ទាន់​បាន​ 5​ខែ​ស្រួលបួល​។ ​រំលឹក​ថា​ ចាប់​តាំង​ពី​ដឹកនាំ Real Madrid លើក​ពាន UCL ចុងក្រោយ​ដែល​ឈ្នះ Liverpool នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ​លោក Zidane​ ក៏បាន​សំរេច​ចិត្ត​ចាកចេញ​ពី​ក្លិប​។ Real Madrid ក្រោយមក​ក៏​រក​បាន​គ្រូ​បង្វឹក​ថ្មី​គឺ​លោក Julen Lupetegui​ ដែល​ត្រូវ​បាន​សហព័ន្ធ​បាល់​ទាត់​អេ​ស្ប៉ា​ញ​បណ្ដេញ​មុន World Cup 2018 ចាប់ផ្ដើម​។ មិន​យូរ​ប៉ុន្មាន​បានតែ​ 4​ខែ Real Madird ​ក៏​បណ្ដេញ​ចេញ​។ Santiago Solari​ ក៏​ឡើង​កាន់​តំណែង​ជា​គ្រូ​បង្វឹក​បណ្ដោះអាសន្ន ​មុន​ទទួល​បាន​កិច្ច​សន្យា​ដឹកនាំ​ដល់​ឆ្នាំ2021​។

​​ក្រោម​ការដឹកនាំ​របស់​លោក Santiago Solari, Real Madrid បាន​បាត់បង់​ពាន Copa del Rey ដោយ​ចាញ់ Barcelona ជាពិសេស​គឺ​ធ្លាក់​ត្រឹម​វគ្គ 16ក្រុម​ចុងក្រោយ UEFA Champions League មិន​គួរ​ឲ្យ​ជឿ ​ក្រោយ​ឈ្នះ​ជើង​ទី1 ​នៅ​ទឹកដី Ajax 2-1 បែរ​ជា​ចាញ់​ជើង​ទី2 ​ក្នុង​ផ្ទះ​ខ្លួនឯង 4-1៕