ក្លឹបអធិរាជសរ Real Madrid មានទំនុកចិត្តច្រើនជាងមុន ថានឹងអាចទិញយកតារាឆ្នើម Eden Hazard ពីក្លឹប Chelsea នៅចប់រដូវកាលនេះ ក្នុងតម្លៃប្រហែល ១០០លានផោន ទោះបីកុងត្រារបស់គេសល់តែ១ឆ្នាំទៀត នៅកីឡដ្ឋាន Stamford Bridge ក៏ដោយ។ នេះបើយោងតាមសារព៌តមាន Sky Sports។

ខ្សែបម្រើ​ជម្រើសជាតិ Hazard សញ្ជាតិបែលហ្សិក កើតមានភាពស្រពិចស្រពិល ដោយពេលខ្លះមិនចង់ចាកចេញពីក្លឹបតោខៀវ Chelsea របស់ខ្លួនទេ តែពេលនេះក៏កំពង់ចង់ចេញទៅ Real Madrid​ ផងដែរ។ Hazard បាននិយាយកាលខែតុលា ឆ្នាំ២០១៨ ថា៖ ពេលខ្លះ ក្នុងអារម្មណ៍របស់ខ្ញុំ ខ្ញុំភ្ញាក់ឡើងពេលព្រឹក ហើយគិតថា ខ្ញុំចង់ចាកចេញ ប៉ុន្តែពេលខ្លះ ខ្ញុំគិតថាខ្ញុំចង់នៅបន្ត វាជាការសម្រេចចិត្តមួយដ៏ពិបាក ហើយវាជាអនាគតរបស់ខ្ញុំផងដែរ។

Hazard ដែលបានឈានដល់វ័យ ២៨ឆ្នាំ កាលខែមករា បានចុះកុងត្រាជាមួយ Chelsea តម្លៃ ៣២លានផោន ពីក្លឹបបារាំង Lille កាលឆ្នាំ២០១២ ហើយរូបគេបានស៊ុតឲ្យ Chelsea សរុបបាន ១០៦គ្រាប់ ក្នុងការបង្ហាញខ្លួន ៣៤១ប្រកួត គ្រប់កម្មវិធីប្រកួតទាំងអស់៕