លោក Mauricio Pochettino បានលើកទឹកចិត្តឲ្យក្រុមពោរពេញដោយស្មារតីប្រកួតរបស់ក្រុម Tottenham ដែឡបានបំពេញបេសកកម្មភាពរបស់ខ្លួន ក្រោយពីការដណ្តើមបានជ័យជម្នះរបស់ពួកគេក្នុងលទ្ធផល ១-០ លើក្រុម Manchester City ក្នុងការប្រកួតក្របខ័ណ្ឌ Champions League វគ្គ៨ក្រុមចុងក្រោយរបស់ពួកគេ ត្រូវបានរំខានដោយសារតែបញ្ហារបួសរបស់ Harry Kane ក្នុងដំណាក់ដ៏សំខាន់នៅចុងរដូវកាលនេះ។

ក្រុមរបស់លោក Pochettino ដណ្តើមបានការមានប្រៀបដ៏ស្តួចស្តើងក្នុងការប្រកួតជើងទី១ តាមរយៈគ្រាប់បាល់ស៊ុតបញ្ចូលទីយ៉ាងល្អរបស់ខ្សែប្រយុទ្ធអន្តរជាតិកូរ៉េខាងត្បូង Son Heung-min នៅចុងតង់ទី២ នាកីឡដ្ឋាន Tottenham Hotspur កាលពីថ្ងៃអង្គារ។ អ្នកចាំទី Hugo Lloris របស់ក្រុម Tottenham ក៏បានជួបពេលវេលាដ៏រីករាយផងដែរ ក្រោយពីរូបគេបានសង្គ្រោះបាល់ពីការស៊ុតបាល់ពិន័យ១១ម៉ែត្ររបស់ខ្សែប្រយុទ្ធ Sergio Aguero។

លោក Pochettino ពិតជាពេញចិត្តទៅនឹងទម្រង់លេងរបស់ក្រុម Tottenham ក្នុងពេលប្រកួតជាមួយនឹងក្រុមម្ចាស់ជើងឯករបស់ក្របខ័ណ្ឌ Premier League ប៉ុន្តែ លោកបានបញ្ជាក់ថា ការប្រកួតវគ្គនេះ នៅមិនទាន់ចប់នៅឡើយទេ។ គ្រូបង្វឹករូបនេះបានឲ្យដឹងថា៖ «យើងបានបង្ហាញពីគុណភាពដ៏អស្ចារ្យ។ យើងទាំងអស់គ្នាពិតជារំភើប និងមានការលើកទឹកចិត្តខ្លួនឯងដើម្បីលេងក្នុងការប្រកួតបែបនេះ។ ប៉ុន្តែ វានៅសល់រយៈពេល៩០នាទីទៀតដែលត្រូវប្រកួត ហើយក្រុមដែលត្រូវជួបគឺ Manchester City»។ ជ័យជម្នះរបស់ក្រុម Spurs ត្រូវបានរំខានដោយសារតែរបួសនៅដើមតង់ទី២របស់ Kane ខណៈដែលរូបគេនឹងត្រូវទទួលការត្រួតពិនិត្យលើ កជើងរបស់គេនៅថ្ងៃពុធនេះ ប៉ុន្តែ លោក Pochettino បារម្ភថា តារាឆ្នើមរបស់លោកអាចនឹងអវត្តមានរហូតដល់បញ្ចប់រដូវកាលនេះ៕

ប្រភពព័ត៌មាន៖ Channel News Asia