Gerard Pique បានបញ្ជាក់ថា Barcelona ត្រូវតែរៀនពីការរងបរាជ័យក្នុងការប្រកួតក្របខ័ណ្ឌ Champions League កាលពីរដូវកាលមុន ក្នុងពេលប្រកួតជាមួយនឹងក្រុម Roma និងត្រូវតែបារម្ភពីភាពខ្លាំងនៃការវាយបកវិញរបស់ក្រុម Manchester United នៅមុនពេលការប្រកួតវគ្គ៨ក្រុមចុងក្រោយ នៅរាត្រីនេះ។

ខ្សែការពាររូបនេះ ដែលបានក្លាយជាសមាជិកម្នាក់ក្នុងក្រុម Man United ពេលពួកគេបានឈ្នះពាន European Cup កាលពីឆ្នាំ២០០៨ នៅមុនពេលផ្ទេរទៅកាន់ក្រុម Barcelona នោះ បានស្ថិតនៅជាមួយនឹងក្រុម Barca ក្នុងពេលពួកគេបានផ្តួលក្រុម Man United ក្នុងក្របខ័ណ្ឌ Champions League វគ្គផ្តាច់ព្រ័ត្រ ឆ្នាំ២០០៩ និងឆ្នាំ២០១១។

Pique បានឈ្នះពានក្នុងយុទ្ធនាការនេះជាលើកទី៤ កាលពីឆ្នាំ២០១៥ ប៉ុន្តែចាប់តាំងពីពេលនោះមក ក្រុម Barcelona បានធ្លាក់ចេញត្រឹមវគ្គ៨ក្រុមចុងក្រោយជាបន្តបន្ទាប់គ្នា។ ការធ្លាក់ចេញដ៏ឈឺចាប់បំផុត បានកើតឡើងកាលពីឆ្នាំមុន នៅពេលដែលពួកគេបានខ្ជះខ្ជាយការនាំមុខ ៤-១ ក្នុងជើងទី១ តាមរយៈការចាញ់ក្នុងលទ្ធផល ៣-០ ក្រោមស្នាដៃក្រុម Roma ក្នុងជើងទី២ ដើម្បីធ្លាក់ចេញដោយសារតែគ្រាប់បាល់ក្រៅដី។

Man United ឈានទៅវគ្គ៨ក្រុមចុងក្រោយនេះ ជាលើកទី២ប៉ុណ្ណោះ បើគិតចាប់តាំងពីក្រុមទាំង២បានជួបគ្នាក្នុងវគ្គផ្តាច់ព្រ័ត្រ ប៉ុន្តែក៏បានបង្ហាញពីភាពខ្លាំងរបស់ខ្លួន ដើម្បីវាយវិញផងដែរ តាមរយៈការលុបចោលការដេញតាមពីក្រោយ ២-០ ពីការប្រកួតជើងទី១ លើទឹកដីខ្លួនឯង ដើម្បីផ្តួលក្រុម Paris Saint-Germain ក្នុងវគ្គ១៦ក្រុមចុងក្រោយ។ Pique បានឲ្យដឹងថា៖ «ការប្រកួតជាមួយនឹងក្រុម PSG គឺជាគំរូដ៏ល្អមួយ។ PSG ជាក្រុមខ្លាំងជាង ប៉ុន្តែ អ្នកមិនអាចមើលស្រាលលើក្រុម Man United បានឡើយ ពីព្រោះពួកគេមានក្រុមដ៏ខ្លាំងមួយ និងប្រវត្តិសាស្ត្រដ៏អស្ចារ្យ ខណៈដែលពួកគេបានបង្ហាញឲ្យឃើញរួចជាស្រេចក្នុងទីក្រុងប៉ារីស»៕

ប្រភពព័ត៌មាន៖ Channel News Asia