ការស៊ុតបាល់បញ្ចូលទី ៣គ្រាប់សម្រាប់ក្រុម Liverpool ជាលើកដំបូងរបស់ Philippe Coutinho បានជួយឲ្យក្រុមរបស់លោក Jurgen Klopp លត់ក្រុម Spartak Moscow យ៉ាងចាស់ដៃក្នុងលទ្ធផល ៧-០ កាលពីថ្ងៃពុធ និងដើម្បីជួយឲ្យក្រុមមានមូលដ្ឋាននៅតំបន់ Merseyside មួយនេះ ឈានទៅវគ្គ ១៦ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League។
ខ្សែប្រយុទ្ធ Sadio Mane បានស៊ុតបាល់បញ្ចូលទី ២គ្រាប់ ហើយខ្សែប្រយុទ្ធ Roberto Firmino និង Mohamed Salah សុទ្ធសឹងបានរកគ្រាប់បាល់បញ្ចូលទីម្នាក់ ១គ្រាប់ដូចគ្នា ខណៈដែលតារាឆ្នើមទាំង៤ របស់ក្រុម Liverpool បានធ្វើឲ្យក្រុមម្ចាស់ជើងឯកកំពូលអឺរ៉ុប ៥សម័យកាលមួយនេះ វិលទៅកាន់វគ្គ ១៦ក្រុមចុងក្រោយជាលើកទី១ ក្រោយពីអវត្តមានអស់ ៩ឆ្នាំ។ ហេតុនេះ ក្រុម Liverpool ដែលបានបញ្ចប់ដោយឈរលេខ១ ក្នុងពូល E នឹងត្រូវចូលរួមជាមួយនឹងក្រុម Manchester United, Manchester City, Chelsea និង Tottenham Hotspur ក្នុងការឆ្លងផុតពីការប្រកួតវគ្គចែកពូល ដើម្បីធ្វើឲ្យអង់គ្លេស ក្លាយជាប្រទេសដំបូងគេក្នុងការមានក្រុមចំនួន៥ត្រូវទៅប្រកួតក្នុងវគ្គ ១៦ក្រុមចុងក្រោយ។
វាជាការទទួលជ័យជម្នះវគ្គចែកពូលដ៏ធំបំផុតជាលើកទី២ ក្រោយពីបានផ្តួលក្រុម Maribor ក្នុងលទ្ធផល ៧-០ និងបានលុបចោលការចងចាំដ៏ខកចិត្តមួយក្នុងការប្រកួតកាលពីមុន នៃយុទ្ធនាការនេះ ដែលនៅពេលនោះពួកគេបានខ្ជះខ្ជាយការនាំមុខ ៣-០ ដើម្បីបញ្ចប់ក្នុងលទ្ធផលស្មើ ៣-៣ ជាមួយនឹងក្រុមលេខ២ ក្នុងពូល Sevilla។ ស្របពេលដែល Liverpool បានស៊ុតបាល់បញ្ចូលទីដល់ទៅ ៣២គ្រាប់ ក្នុងការប្រកួត ៩លើកចុងក្រោយរបស់ពួកគេ មានក្រុមតិចតួចប៉ុណ្ណោះនឹងរីករាយក្នុងការជួបជាមួយនឹងក្រុមដែលមានតារាឆ្នើមៗដូចជា Coutinho, Salah, Mane និង Firmino ក្នុងវគ្គ ១៦ក្រុមចុងក្រោយ ខណៈដែលការចាប់ឆ្នោតនឹងត្រូវប្រព្រឹត្តទៅនៅថ្ងៃចន្ទ សប្តាហ៍ក្រោយ៕
វីឌីអូហាយឡាយការប្រកួតរវាងក្រុម Liverpool និង Spartak Moscow ៖