រដូវកាលទី១របស់លោក Unai Emery ក្នុងនាមជាគ្រូបង្វឹកនៅឯ Arsenal កំពុងតែស្ថិតក្នុងគ្រោះថ្នាក់ ប្រសិនបើគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះ មិនអាចបង្ហាញឲ្យឃើញម្តងទៀតថា លោកជាអ្នកជំនាញក្នុងក្របខ័ណ្ឌ Europa League និងបញ្ឈប់ការធ្លាក់ចុះទម្រង់លេងរបស់ក្រុម Arsenal ក្នុងក្របខ័ណ្ឌ Premier League ទេនោះ។

ក្រុម Arsenal បានរងបរាជ័យ៤លើកក្នុងចំណោមការប្រកួតក្របខ័ណ្ឌលីក៥លើកចុងក្រោយរបស់ពួកគេ ក្រោមស្នាដៃក្រុម Everton, Crystal Palace, Wolverhampton Wanderers និង Leicester City ដើម្បីធ្លាក់ទៅឈរក្នុងចំណាត់ថ្នាក់លេខ៥ និងត្រូវពឹងផ្អែកទៅលើការភ្លាត់ស្នៀតរបស់ក្រុម Chelsea ឬ Tottenham ដើម្បីទទួលបានឱកាសក្នុងការប្រជែងដណ្តើមលេខ៤។
ទោះបីជាយ៉ាងណា ការឈ្នះពាន Europa League ក៏នឹងជួយឲ្យពួកគេឈ្នះកៅអីទៅលេងក្នុងក្របខ័ណ្ឌ Champions League នៅរដូវកាលក្រោយផងដែរ ក្រោយពីការអវត្តមានរយៈពេល២ឆ្នាំ។ អស់រយៈពេល២០ឆ្នាំក្រោមការដឹកនាំរបស់លោក Arsene Wenger ក្រុម Arsenal ទទួលបានចំណូលដ៏ច្រើន ពីការប្រកួតក្របខ័ណ្ឌ Champions League ហើយផលប៉ះពាល់នៃការអវត្តមានក្នុងយុទ្ធនាការនេះ បានបង្កើតឲ្យមានឥទ្ធិពលយ៉ាងល្អទៅលើគម្រោងថវិកាដែលលោក Emery ត្រូវតែធ្វើការជាមួយ។

កាលពីខែមករា លោកបានប្រកាសថា ក្លិបនេះមិនអាចទិញចូលកីឡាករថ្មីណាមួយឡើយ។ លោក Emery គឺជាអ្នកជំនាញក្នុងក្របខ័ណ្ឌលំដាប់ទី២របស់អឺរ៉ុប ក្រោយពីបានឈ្នះពាននេះ៣លើកជាមួយនឹងក្រុម Sevilla ហើយលោកក៏ស្គាល់ក្រុម Valencia ដែលជាគូប្រកួតក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររបស់ក្រុម Arsenal យ៉ាងច្បាស់ផងដែរ បន្ទាប់ពីលោកបានដឹកនាំពួកគេនៅចន្លោះឆ្នាំ២០០៨ និងឆ្នាំ២០១២៕
ប្រភពព័ត៌មាន៖ Sport24
