ក្រុម Chelsea បានឈ្នះកៅអីមួយក្នុងយុទ្ធនាការ Champions League នៅរដូវកាលក្រោយ កាលពីថ្ងៃអាទិត្យ ខណៈដែលក្រុម Manchester United និង Arsenal បានជួបការខកចិត្តដ៏ធំ ក្នុងការប្រជែងរបស់ពួកគេដើម្បីបញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលទាំង៤លើតារាងក្របខ័ណ្ឌ Premier League។

ក្រុមរបស់លោក Maurizio Sarri បានផ្តួលក្រុម Watford ក្នុងលទ្ធផល ៣-០ ដើម្បីជួយឲ្យពួកគេឡើងទៅឈរលេខ៣ ពីក្រោយក្រុម Liverpool និង Manchester City ហើយភាពរីករាយរបស់ពួកគេត្រូវបានបំពេញទាំងស្រុង ក្រោយពីក្រុម Man United បានបញ្ចប់ត្រឹមលទ្ធផលស្មើលើទឹកដីក្រុម Huddersfield ហើយក្រុម Arsenal ស្មើជាមួយនឹងក្រុម Brighton។

លទ្ធផលទាំងនេះមានន័យថា ស្របពេលដែលនៅសល់ការប្រកួតត្រឹមតែ១លើក ក្រុម Chelsea ដែលមាន៧១ពិន្ទុ មិនអាចត្រូវបានដេញតាមទាន់ដោយក្រុម Arsenal ដែលមាន៦៧ពិន្ទុ ឬ Man United ដែលមាន៦៦ពិន្ទុឡើយ។ ក្រុមឈរលេខ៤ Tottenham ដែលមាន៧០ពិន្ទុ និងមានគ្រាប់បាល់ស៊ុតបញ្ចូលទីច្រើនជាងក្រុម Arsenal ដាច់នោះ ក៏មានសុវត្ថិភាពក្នុងការឈ្នះកៅអីទៅលេងក្នុងក្របខ័ណ្ឌ Champions League នារដូវកាលក្រោយផងដែរ ប្រសិនបើមិនមានលទ្ធផលហួសពីការស្មានទេនោះ។

ក្រុមរបស់លោក Sarri បានរងនូវការស្រែកចំអកឲ្យ ក្រោយពីការបង្ហាញពីទម្រង់លេងមិនបានល្អក្នុងតង់ទី១ ប៉ុន្តែ គ្រាប់បាល់សុតបញ្ចូល២គ្រាប់ក្នុងចន្លោះពេល៣នាទីពីសំណាក់កីឡាករ Ruben Loftus-Cheek និង David Luiz បានបង្កើតការជឿជាក់នាកីឡដ្ឋាន Stamford Bridge នៅមុនពេលខ្សែប្រយុទ្ធ Gonzalo Higuain បានបំពេញជ័យជម្នះសម្រាប់ក្រុមខ្លួន។ ការបញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលទាំង៤ និងឈ្នះពាន Europa League គួរតែអាចជួយសង្គ្រោះរដូវកាលទី១ដ៏ត្រដាបត្រដួសរបស់អ្នកចាត់ការទូទៅសញ្ជាតិអ៊ីតាលីរូបនេះ៕

ប្រភពព័ត៌មាន៖ Channel News Asia