​​​ លោក Pep Guardiola បានបញ្ជាក់ថា ការរក្សាស្ថិតក្នុងការគ្រប់គ្រងលើការប្រជែងដណ្តើមពានក្របខ័ណ្ឌ Premier League ដ៏ស្វិតស្វាញនៅរដូវកាលនេះ គឺជាសមិទ្ធផលដែលលោកមានការពេញចិត្តបំផុតក្នុងនាមជាអ្នកចាត់ការទូទៅម្នាក់។

គ្រូបង្វឹករបស់ក្រុម Manchester City រូបនេះបានបញ្ជាក់ថា ក្របខ័ណ្ឌលីកកំពូលរបស់អង់គ្លេស គឺជាយុទ្ធនាការក្នុងស្រុកដ៏ស្វិតស្វាញបំផុតដែលលោកបានជួបប្រទះ ក្នុងអាជីពរយៈពេល១០រដូវកាលមកទល់ពេលនេះ ខណៈដែលលោកបានឈ្នះពានសរុបរហូតដល់ទៅ២៥ពាន។ Man City បានឈ្នះការប្រកួត១២លើកជាប់ៗគ្នាក្នុងក្របខ័ណ្ឌ Premier League និងកំពុងតែស្ថិតលើផ្លូវឆ្ពោះទៅកាន់ការបញ្ចប់ដោយការរកបានពិន្ទុសរុប១០០ពិន្ទុ ខណៈដែលនៅសល់ការប្រកួតត្រឹមតែ២លើកទៀតប៉ុណ្ណោះ។

ប៉ុន្តែ ពួកគេកំពុងតែស្ថិតក្នុងការប្រជែងយ៉ាងស្វិតស្វាញជាមួយនឹងក្រុម Liverpool ដែលក៏បានកំណត់ត្រាផ្ទាល់ខ្លួនរបស់ពួកគេផងដែរ។ ក្រុមរបស់លោក Jurgen Klopp បានរងបរាជ័យក្នុងការប្រកួតលីកត្រឹមតែ១លើកគត់ក្នុងរដូវកាលនេះ ពោលគឺក្នុងពេលជួបក្រុម Man City កាលពីខែមករា និងបានកត់ត្រាជ័យជម្នះជាលើកទី៨ជាប់ៗគ្នារបស់ពួកគេក្នុងការប្រកួត Premier League កាលពីថ្ងៃសៅរ៍ តាមរយៈការផ្តួលក្រុម Newcastle ៣-២ ដើម្បីវិលទៅឈរលើកំពូលតារាងវិញ។

ក្រុម Man City នៅសល់១ប្រកួតក្នុងដៃ ដោយត្រូវប៉ះជាមួយនឹងក្រុម Leicester នៅរាត្រីនេះ ប៉ុន្តែ ត្រូវតែយកឈ្នះការប្រកួតនៅរាត្រីនេះ ការប្រកួតលើកចុងក្រោយរបស់ពួកគេ នៅលើទឹកដីក្រុម Brighton នៅថ្ងៃអាទិត្យ ចុងសប្តាហ៍នេះ ដើម្បីការពារពានរបស់ពួកគេ។ លោក Guardiola អតីតអ្នកចាត់ការទូទៅរបស់ក្រុម Barcelona និង Bayern Munich បានឲ្យដឹងថា៖ «ពិតណាស់ វាជាការប្រកួតក្របខ័ណ្ឌលីកដ៏តានតឹងបំផុត ដែលខ្ញុំបានជួបក្នុងនាមជាអ្នកចាត់ការទូទៅម្នាក់ ដោយសារតែគុណភាពរបស់គូប្រកួត»៕
ប្រភពព័ត៌មាន៖ Channel News Asia