អ្នក​គាំទ្រ Liverpool បាន​ដុត​កាំជ្រួច​នៅ​ខាង​ក្រៅ​សណ្ឋាគារ​​ស្នាក់​នៅ​របស់​ក្លឹប Barcelona មុន​ការ​​ប្រកួត​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ Champions League ជើង​ទី​ពីរ។ Klopp អ្នកចាត់ការទូទៅហង្សក្រហម បានចាត់ទុកក្រុមរបស់លោក «ជាយក្សផ្នែកស្មារតីប្រយុទ្ធ» ក្រោយពីពួកគេបានបំពេញការវាយបកដ៏អស្ចារ្យបំផុតមួយក្នុងប្រវត្តិសាស្ត្រនៃក្របខ័ណ្ឌ Champions League ដើម្បីផ្តួលក្រុម Barcelona ក្នុងលទ្ធផល ៤-០ និងដើម្បីឈានទៅវគ្គផ្តាច់ព្រ័ត្រសម្រាប់រយៈពេល២ឆ្នាំជាប់ៗគ្នា កាលពីថ្ងៃអង្គារ។

ការប្រកួតនៅជើ​ងទី​មួយ​សប្ដាហ៍​មុន​​​ទឹក​ដី Camp Nou ហង្សក្រហម​​បាន​បរាជ័យ​យ៉ាង​អាម៉ាសក្នុងលទ្ធផល ៣ទល់០។ ក៏ប៉ុន្តែ​សម្រាប់​ជើង​ទី​ពីរនេះក្រុម Liverpool បាន​បង្កើត​រឿង​​ភ្ញាក់ផ្អើលដ៏អស្ចារ្យ​កាល​ពី​យប់​មិញ ដោយវាយ​បក​យក​ឈ្នះ​​ Barca វិញ ៤-០​ នៅ Anfield ធ្វើ​ឲ្យ​ពួក​គេ​មាន​ឱកាស​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ នៃ Champions League ២​រដូវ​កាល​ជាប់​គ្នា។

យ៉ាងណាមិញ​មុន​ការ​ប្រកួត​ជើង​ទី​ពីរ​កើត​ឡើង​ស្រាប់​តែ​លេច​វីដេអូ​មួយ​លើ​បណ្ដាញ​សង្គម ដោយ​អ្នក​គាំទ្រ​ Liverpool បាន​ទៅ​លួច​ដុត​កាំជ្រួច​នៅ​ជិត​សណ្ឋាគារ Hilton Hotel ក្នុង​ទីក្រុង Liverpool ដែល​ជា​កន្លែង​របស់​ក្រុម​កីឡាករ​ Barcelona សម្រាក។ សំឡេង​កាំជ្រួច​បាន​បន្លឺ​ឡើង​នៅ​ម៉ោង​៤​ទៀបភ្លឺ ហើយ​ក្នុង​វីដេអូ​គេ​ឭ​អ្នក​គាំទ្រ​ម្នាក់​និយាយ​ថា ចង់​ឲ្យ Messi ក្រោក​ឡើង៕

គ្រូបង្វឹក​​ Jurgen Klopp បានបន្ថែមទៀតថា៖ «ការឈានទៅប្រកួតលើទីលាន និងការបង្ហាញពីទម្រង់លេងបែបនេះ ពិតជារឿងដ៏មិនគួរឲ្យជឿ។ ខ្ញុំពិតជាមានមោទនភាពក្នុងការក្លាយជាអ្នកចាត់ការទូទៅរបស់ក្រុមនេះ។ អ្វីដែលពួកគេបានធ្វើនៅរាត្រីនេះពិតជាពិសេស។ ខ្ញុំនឹងចងចាំជារឿងរហូត»៕