​មិនធម្មតាទេ! លោក Jurgen Klopp អ្នកចាត់ការទូទៅរបស់ក្រុមហង្ស​ក្រហម Liverpool បាន​ធ្វើ​ឲ្យ​ពិភព​លោក​ភ្ញាក់ផ្អើលដ៏អស្ចារ្យបំផុតមួយក្នុងប្រវត្តិសាស្ត្រនៃក្របខ័ណ្ឌ Champions League​ កាលពី​យប់​ថ្ងៃ​អង្គារ​កន្លងទៅក្រោយ​យក​ឈ្នះ ៤ទល់នឹង០ លើ Barcelona នៅ​ទឹកដី Anfield​ ទោះ​ចាញ់​នៅ​អេ​ស្ប៉ា​ញ ៣-០ ក៏ដោយ ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​ដោយ​សរុប​ទាំងពីរ​ជើង ៤-៣​ ហើយជ័យជំនះ​នេះ​ធ្វើឲ្យ​គ្រប់គ្នា​និយាយ​ពី​រឿង​នេះ មិនទាន់​ស្ងាត់​នៅឡើយ​។

​ជាក់ស្ដែង​អតីត​គ្រូ​បង្វឹក​ក្រុម​បិសាច​ក្រហម Manchester United លោក Jose Mourinho​ បា​ន​សរសើរ​គ្រូ​បង្វឹក Liverpool មិន​ដាច់​ពី​មាត់​។ ​បុរស​សញ្ជាតិ​ព័រទុយហ្កាល់​រូប​នេះ​បាន​រៀប​រាប់​ថា ជ័យជំនះ​របស់ Liverpool គឺ​កើត​មកពី Jurgen Klopp​ វា​មិន​មែន​ល្បិច ក្បួន​យុទ្ធសាស្ត្រ បច្ចេកទេស​ប្រកួត តែ​ជា​ការ​រៀបចំ​ផ្លូវចិត្ត​យ៉ាង​ល្អ​ទៅ​ដល់​កូន​ក្រុម​។ ទាំងអស់​នេះ​ហើយ​ដែល​ធ្វើឲ្យ Barcelona ហៅ​មិន​លឺ​នៅ Anfield​។

លោក Klopp បានឲ្យដឹងថា៖ «ជាមួយនឹងក្រុមផ្សេងទៀត ខ្ញុំនឹងមិនគិតថា វាអាចទៅរួចឡើយ។ ពួកគេពិតជាយក្សផ្នែកស្មារតីមែន។ វាជារដូវកាលដ៏មិនគួរឲ្យជឿដែលយើងមាន ជាការប្រកួតដ៏មិនគួរឲ្យជឿដែលយើងមាន និងបញ្ហារបួសដែលមិនគួរឲ្យជឿដែលយើងមានពេលនេះ»។ គ្រូបង្វឹករូបនេះបានបន្ថែមទៀតថា៖ «ការឈានទៅប្រកួតលើទីលាន និងការបង្ហាញពីទម្រង់លេងបែបនេះ ពិតជារឿងដ៏មិនគួរឲ្យជឿ។

​​គ្មាន Roberto Firmino ​និង Mohamed Salah ក៏គ្មាន​បញ្ហា ខណៈ Divock Origi​ ធ្វើ​បាន​ ២គ្រាប់​ក្នុង​តំណែង​របស់ Salah ដែល​អវត្តមាន ខណៈ Giorginio Wijnaldum​ ជា​កីឡាករ​បម្រុង​ដូរ​ចូល​នៅ​វគ្គ​ទី​២ ​រក​បាន 2​គ្រាប់​ដែរ​។​ ​ទោះបី​លើ​ក​សរសើរ​ក្តី Mourinho​ បាន​និយាយ​បែប​ឌឺដង​បន្តិច​ចុង​ក្រោយ​ថា Liverpool ​​គ្មាន​ពាន​អ្វី​អបអរ​នឹង​គេ​នៅ​ពេល​ចប់​រដូវ​កាល បែរ​មក​ជា​ខ្វះ​មួយ​ជំ​ហ៊ាន​ក្លាយ​ជា​ជើងឯក​អឺរ៉ុប​៕