លោក Maurizio Sarri បានទទួលស្គាល់ថា ក្រុម Chelsea បានជួបសំណាងរបស់ខ្លួន ដើម្បីឈានទៅប្រកួតក្របខ័ណ្ឌ Europa League វគ្គផ្តាច់ព្រ័ត្រ ខណៈដែលការសង្គ្រោះបាល់ប៉េណាល់កាត់សេចក្តីរបស់អ្នកចាំទី Kepa Arrizabalaga បានជួយឲ្យពួកគេយកឈ្នះលើក្រុម Eintracht Frankfurt ដោយការស៊ុតបាល់ប៉េណាល់ទី ក្នុងលទ្ធផល ៤-៣ កាលពីថ្ងៃព្រហស្បតិ៍។

ក្រុមរបស់លោក Sarri នឹងត្រូវជួបជាមួយនឹងក្រុមស្ថិតក្នុងទីក្រុងឡុងដ៍តែមួយ Arsenal ក្នុងការប្រកួតរវាងក្រុមស្ថិតក្នុងក្របខ័ណ្ឌ Premier League ដូចគ្នាក្នុងទីក្រុង Baku នាថ្ងៃទី២៩ ខែឧសភា ខណៈដែលនេះគឺជាលើកទី១ហើយដែលក្រុមទាំង៤មកពីអង់គ្លេស ត្រូវជួបគ្នាទាំងក្នុងក្របខ័ណ្ឌ Champions និង Europa League វគ្គផ្តាច់ព្រ័ត្រ។
ក្រុម Chelsea រកបានគ្រាប់បាល់នាំមុខមុន ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជើងទី១ តាមរយៈគ្រាប់បាល់នៅតង់ទី១របស់កីឡាករ Ruben Loftus-Cheek ក្នុងការប្រកួតនាកីឡដ្ឋាន Stamford Bridge។ ប៉ុន្តែ ខ្សែប្រយុទ្ធ Luka Jovic រកបានគ្រាប់បាល់តាមស្មើវិញភ្លាមៗ ក្រោយពីចូលលេងក្នុងតង់ទី២ ខណៈដែលការប្រកួតនេះ បានបញ្ចប់ក្នុងលទ្ធផលស្មើយ៉ាងស្វិតស្វាញ ១-១ បន្ទាប់ពីនាទីបន្ថែម១៥នាទី២ដង និងស្មើ ២-២ ពីការប្រកួតទាំង២ជើង។

ការស៊ុតបាល់ប៉េណាល់របស់ខ្សែការពារ Cesar Azpilicueta ត្រូវបានជួយសង្គ្រោះដោយអ្នកចាំទី Kevin Trapp ប៉ុន្តែ អ្នកចាំទី Kepa បានរារាំងគ្រាប់បាល់ដែលស៊ុតចេញពីជើងរបស់កកីឡាករ Martin Hinteregger ហើយបន្ទាប់មក សង្គ្រោះបាល់ពីការស៊ុតរបស់កីឡាករ Goncalo Paciencia នៅមុនពេល Eden Hazard បានស៊ុតបាល់បំប៉ោងសំណាញ់ទីដើម្បីកាត់សេចក្តីក្នុងការប្រកួតនេះ និងបង្កើតឲ្យមានការអបអរយ៉ាងខ្លាំងតែម្តង។ លោក Sarri បានឲ្យដឹងថា៖ «យើងបានលេងយ៉ាងល្អក្នុងតង់ទី១។
បន្ទាប់មក នៅដើមតង់ទី២ យើងបានជួបបញ្ហា។ យើងបានផ្តោតតែលើតំបន់ការពារ ហេតុនេះ យើងបានរបូតគ្រាប់បាល់ ពោលគឺដោយសារតែការស្លន់ស្លោក្នុងរយៈពេល១០នាទីដំបូង»៕
ប្រភពព័ត៌មាន៖ Channel News Asia
