Antonio Conte អ្នកចាត់ការទូទៅថ្មីរបស់ក្រុម Inter Milan កំពុងសំលឹងនិងស្វែងរកកំលាំងថ្មីបន្ថែមទៀតដើម្បីពង្រឹងក្រុមមុនបើករដូវកាលក្របខណ្ឌ SerieA។ កីឡាករ Lucas Vazquez របស់ក្លិប Real Madrid ជាគោលដៅដែលគ្រូបង្វឹកអ៊ីតាលីរូបនេះកំពុងតែសម្លឹងឃើញនិងចង់ចុះហត្ថលេខាមករួមក្រុមដែលលោកទើបតែចូលកាន់តួនាទីទទួលខុសត្រូវដឹកនាំមួយនេះ។

គេហទំព័រ Don Ballon បានចុះផ្សាយថាៈ លោក Conte ចង់បានធនធានកីឡាករថ្មីបន្ថែមទៀត ដើម្បីប្រជែងជាមួយម្ចាស់ជើងឯក SerieA ៨សម័យចុងក្រោយគឺ Juventus។ ខ្សែបម្រើរត់ស្លាប Vazquez វ័យ ២៧ឆ្នាំសញ្ជាតិអេស្បាញបានជាប់ជម្រើស ១១នាក់ដំបូង មិនបានទៀងទាត់នោះទេ ក្រោយពីគ្រូបង្វឹកលោក Zinedine Zidane ត្រលប់មកគ្រប់គ្រងក្លឹប Real Madrid សាជាថ្មី។
ទោះជាយ៉ាងណា Vazquez អាចនិងធ្វើការសម្រេចចិត្តសារជាថ្មីម្តងទៀតថាគួរចាកចេញពីក្លឹប Real Madrid ក្រោយមិនបានបង្ហាញខ្លួនជាប់លាប់ដោយជ្រើសរើសក្នុងការផ្លាស់ ទៅកាន់ក្រុម Inter Milan ដែលជាកន្លែងត្រូវបានធានាថារូបគេនិងទទួលបានពេលវេលាចូលលេងគ្រប់គ្រាន់នោះ។

Varquez ក៏មានបំណងចូលលេងអោយជម្រើសជាតិអេស្បាញសម្រាប់យុទ្ធនាការប្រកួត Euro ២០២០ ដូច្នេះការផ្លាស់ទៅលេងនៅក្របខណ្ឌ SerieA គឺជារឿងមួយដែលអាចធានាបានពីសុវត្ថិភាពរបស់ខ្លួនបង្ហាញវត្តមានអោយជម្រើសជាតិ បន្ទាប់ពី Real Madrid ទើបតែចុះហត្ថលេខានាំយក Eden Hazard និង Luka Jovic មករួមក្រុមនោះ ដែលនោះជាហេតុផលនៃការប្រកួតប្រជែង និងកាន់តែធ្វើអោយ ឪកាសជាប់ចូលលេងជម្រើស១១នាក់ដំបូងរបស់ខ្លួនកាន់តែខើចបន្តិចម្តងៗ។
