ក្លឹប Osasuna បានចុះហត្ថលេខានាំយកអតីតខ្សែប្រយុទ្ធរបស់ក្លិប Atletico Madrid កីឡាករ Adrian Lopez ដោយគ្មានតម្លៃខ្លួនពីក្លឹប Porto។ Lopez បានក្លាយជាកីឡាករទី៨ របស់គ្រូបង្វឹក Jagoba Arrasate បន្ទាប់ពីក្លឹបបានវិលត្រលប់មកលេងនៅលីកកំពូល La Liga ក្រោយអវត្តមានរយៈពេល ២ឆ្នាំ។

កីឡាករអន្តរជាតិអេស្បាញវ័យ ៣១ឆ្នាំរូបនេះបង្ហាញខ្លួន ២ដងអោយអេស្បាញក្នុងឆ្នាំ២០១២ បានចុះកុងត្រារយៈពេលមួយឆ្នាំជាមួយក្រុមដែលបានឈ្នះពានរង្វាន់លីកលំដាប់ទី២ Segunda Division កាលពីរដូវកាលមុន។

Lopez បានចូលរួមជាមួយ Porto ក្នុងឆ្នាំ២០១៤ ហើយ Lopez ក៏ធ្លាប់លេងក្នុងលក្ខណ្ឌខ្ចីជើងជាមួយក្រុម២ គឺ Villarreal និងចុងក្រោយគឺ Deportivo La Coruna ផងដែរមុនពេលវិលត្រលប់មកលេងអោយ Porto វិញនៅរដូវកាលមុននិងបង្ហាញខ្លួនបាន ១១ប្រកួត គ្រប់ក្របខណ្ឌប្រកួតហើយស៊ុតបញ្ចូលទីបាន ២គ្រាប់។