ព្រឹត្តិការណ៍ World Cup ស្ត្រី នឹងត្រូវពង្រីកពី២៤ក្រុម រហូតដល់៣២ក្រុម ក្នុងយុទ្ធនាការឆ្នាំ២០២៣ ដើម្បីជួយពង្រឹងដល់ការអភិវឌ្ឍកីឡាបាល់ទាត់ស្ត្រី។ នេះបើយោងទៅតាមការប្រកាសរបស់ FIFA កាលពីថ្ងៃពុធ។ លោក Gianni Infantino ប្រធានសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិហៅកាត់ថា FIFA បានបញ្ជាក់រួចជាស្រេចថា លោកមានការប្តេជ្ញាចិត្តក្នុងការគាំទ្រគម្រោងលើការពង្រីកចំនួនក្រុមក្នុង World Cup ឲ្យទាន់ពេលសម្រាប់យុទ្ធនាការបន្ទាប់ ក្រោយពីបានកោតសរសើរដល់ការធ្វើជាម្ចាស់ផ្ទះរបស់បារាំង ក្នុងឆ្នាំ២០១៩។

លោក Infantino ដែលបានទទួលជោគជ័យក្នុងការបន្ថែមចំនួនក្រុមក្នុងយុទ្ធនាការបុរស ពី៣២ក្រុម រហូតដល់៤៨ក្រុម សម្រាប់យុទ្ធនាការ World Cup ឆ្នាំ២០២៦ ក្នុងប្រទេសអាមេរិក ម៉ិកស៊ិក និងកាណាដា នោះ បានឲ្យដឹងថា៖ «ការទទួលបានជោគជ័យដ៏អស្ចារ្យក្នុងព្រឹត្តិការណ៍ World Cup នៅឆ្នាំនេះ បានបង្ហាញឲ្យឃើញយ៉ាងច្បាស់ថា នេះគឺជាពេលក្នុងការរក្សាធ្វើដំណើរឆ្ពោះទៅមុខ និងបោះជំហានដ៏រឹងមាំឆ្ពោះទៅកាន់ការពង្រឹងការរីកចម្រើនរបស់កីឡាបាល់ទាត់ស្ត្រី»។

លោកបានបន្ថែមទៀតថា៖ «ខ្ញុំពិតជារីករាយណាស់ក្នុងការឃើញសំណើនេះ ដែលជាសំណើទី១ ក្លាយជាការពិត»។ ក្រុមបាល់ទាត់នារីជម្រើសជាតិអាមេរិក បានឈ្នះពានក្នុងវគ្គផ្តាច់ព្រ័ត្រ ឆ្នាំ២០១៩ បើទោះបីយុទ្ធនាការដែលមាន២៤ក្រុមនេះ បានបង្កើតឲ្យមានគ្រាប់បាល់ស៊ុតបញ្ចូលទីជាច្រើនតែលើក្រុមម្ខាង ក្នុងវគ្គចែកពូល ជាពិសេសក្នុងពេលអាមេរិក ផ្តួលក្រុមជម្រើសជាតិថៃ ១៣-០ ក៏ដោយ៕
ប្រភពព័ត៌មាន៖ Channel News Asia