ក្លិបកាំភ្លើងធំ Arsenal បានប្រកាសពីការចុះហត្ថលេខាជាមួយនឹងខ្សែបម្រើស្លាប Nicolas Pepe ពីក្លិបបារាំង Lille កាលពីថ្ងៃព្រហស្បតិ៍ ទី១ ខែសីហា សម្រាប់តម្លៃខ្លួនជាកំណត់ត្រារបស់ក្លិបដែលមានចំនួន៧២លានផោន (ស្មើនឹង៨៧លានដុល្លារអាមេរិក)។

ការផ្ទេរសម្រាប់ខ្សែបម្រើសស្លាបអន្តរជាតិកូតឌីវ័ររូបនេះ គឺជាការមានតម្លៃខ្លួនច្រើនជាង៥៦លានផោន ដែលក្លិបបានចំណាយទិញខ្សែប្រយុទ្ធ Pierre-Emerick Aubameyang កាលពីខែមករា ឆ្នាំ២០១៨ ខណៈដែលក្រុមកាំភ្លើងធំមួយនេះ បន្ថែមជម្រើសម្នាក់ទៀតក្នុងតំបន់ប្រយុទ្ធរបស់ពួកគេ។

Pepe ក្លាយជាកីឡាកររបស់ទ្វីបអាហ្វ្រិកដែលមានតម្លៃខ្លួនខ្ពស់ជាងគេបំផុត មិនធ្លាប់មានពីមុនមក និងជាកីឡាករមានតម្លៃខ្លួនខ្ពស់ជាងគេបំផុតលំដាប់ទី៤ក្នុងប្រវត្តិសាស្ត្រនៃក្របខ័ណ្ឌ Premier League ក្រោយពីក្លិប Manchester United បានទិញខ្សែបម្រើ Paul Pogba ក្នុងតម្លៃខ្លួន៨៩លានផោន និងខ្សែប្រយុទ្ធ Romelu Lukaku ក្នុងតម្លៃខ្លួន៧៥លានផោន ហើយ Liverpool បានទិញខ្សែការពារ Virgil van Dijk ក្នុងតម្លៃខ្លួន៧៥លានផោន។

ខ្សែប្រយុទ្ធរូបនេះ ដែលនឹងពាក់អាវលេខ៩នោះ នឹងបន្ថែមភាពមុតស្រួចទៅលើតំបន់ប្រយុទ្ធរបស់ក្រុម Arsenal បើទោះបីខ្សែប្រយុទ្ធ Pierre-Emerick Aubameyang និង Alexandre Lacazette បានរួមគ្នារកបានគ្រាប់បាល់សរុបចំនួន៥០គ្រាប់ ក្នុងរាល់យុទ្ធនាការទាំងអស់ កាលពីរដូវកាលមុនក៏ដោយ។ លោក Unai Emery អ្នកចាត់ការទូទៅរបស់ក្រុម Arsenal បានឲ្យដឹងថា៖ «Nicolas ជាខ្សែបម្រើដ៏ឆ្នើម និងពោរពេញដោយទេពកោសល្យម្នាក់ ខណៈដែលក្លិបធំៗជាច្រើននៅអឺរ៉ុប សុទ្ធសឹងចង់បានរូបគេ»។

លោកបានបន្ថែមទៀតថា៖ «ការចុះហត្ថលេខាជាមួយនឹងខ្សែបម្រើកម្រិតកំពូលម្នាក់ គឺជាគោលដៅ១ក្នុងចំណោមគោលដៅទាំង៤របស់យើងក្នុងពេលបើកទីផ្សារដោះដូរកីឡាករនៅពេលនេះ ហើយខ្ញុំពិតជារីករាយណាស់ដែលរូបគេបានចូលរួម»៕

ប្រភពព័ត៌មាន៖ Channel News Asia