K-League ដែលជាក្របខ័ណ្ឌកីឡាបាល់ទាត់របស់កូរ៉េខាងត្បូង បានបញ្ជាក់ថា ខ្លួនពិតជាឈឺចិត្ត និងខកចិត្តយ៉ាងខ្លាំង ក្រោយពីក្លិបសេះបង្កង់ Juventus បានបដិសេធក្នុងការសុំទោស សម្រាប់ការមិនដាក់ឲ្យតារាឆ្នើម Cristiano Ronaldo ចូលលេងក្នុងការប្រកួតមិត្តភាពមុនបើករដូវកាល ក្នុងទីក្រុងសេអ៊ូល កាលពីសប្តាហ៍មុន។

បើយោងទៅតាមគណកម្មការរៀបចំការប្រកួត Ronaldo ត្រូវជាប់កុងត្រាឲ្យលេងបានយ៉ាងហោចណាស់៤៥នាទី នៅពេលប្រកួតជាមួយនឹងក្រុមកីឡាករឆ្នើមៗប្រចាំក្របខ័ណ្ឌ K-League ឬ K-League All Stars ប៉ុន្តែ រូបគេមិនបានចូលលេងឡើយ។ ខ្សែប្រយុទ្ធព័រទុយហ្គាល់រូបនេះ ត្រូវបានណែនាំឲ្យសម្រាក ដោយក្រុមបុគ្គលិកពេទ្យរបស់ Juventus ដោយសារតែបញ្ហាសាច់ដុំ ពីការប្រកួតក្នុងទីក្រុង Nanjing កាលពីរយៈពេល៤៨ម៉ោងមុននេះ។

កាលពីថ្ងៃអង្គារ ក្របខ័ណ្ឌ K League បានផ្ញើរលិខិតតវ៉ាមួយទៅកាន់ក្លិប Juventus ជុំវិញការរំលោភកិច្ចសន្យា ហើយលោក Andrea Agnelli ដែលជាប្រធានក្លិប បានឆ្លើយតបវិញកាលពីថ្ងៃពុធថា តាមរយៈការបដិសេធថា ក្រុមម្ចាស់ជើងឯកអ៊ីតាលីមួយនេះ បានប្រព្រឹត្តទង្វើមិនសមរម ប៉ុន្តែ មិនបានសុំការអភ័យទោសឡើយ។

ប៉ុន្តែ ក្របខ័ណ្ឌ K League បានបញ្ជាក់ថា៖ «ក្របខ័ណ្ឌ K League ពិតជាស្រង៉ាកចិត្ត និងខកចិត្តយ៉ាងខ្លាំងចំពោះឥរិយាបថមិនសមរមរបស់ក្លិប Juventus ហើយយើងជំរុញឲ្យក្លិប Juventus ចេញមុខសុំទោសជាផ្លូវការ និងពន្យល់ពីមូលហេតុចំពោះការដែល Ronaldo មិនបានចូលលេង»៕
ប្រភពព័ត៌មាន៖ The Guardian