បាល់ទាត់៖ ​លេង​មែនទែន​ហើយ Aston Villa ឡើង​មក​កាន់ English Premier League លើក​នេះ​មិន​ចង់​ធ្លាក់​ទៅវិញ​ឡើយ ក្រោយ​ទិញ​កីឡាករ​ថ្មី​ទី12 គឺ​កីឡាករ​ជំរើសជាតិ​ហ្ស៊ី​ម​បាប​វ៉េ Marvelous Nakamba​ ពី​ក្លិប​បែលហ្ស៊ិក Club Brugge ក្នុង​តំលៃ​ប្រមាណ 11លាន​ផោន​។

​​កីឡាករ​វ័យ 25ឆ្នាំ​រូប​នេះ​ជា​កីឡា​ករ​ទី​ពីរ​ហើយ​ដែល Aston Villa ទិញ​ពី Club Brugge​ បន្ទាប់ពី​ខ្សែ​ប្រយុទ្ធ​ប្រេ​ស៊ី​ល Wesley តំលៃ 22លាន​ផោន​។ ​Marvelous Nakamba ​គឺជា​សមាជិក​របស់ Club Brugge​ ដែល​លេង​នៅ UEFA Champions League រដូវ​កាល​មុន និង​បង្ហាញខ្លួន​អោយ​ក្រុម​ជំរើសជាតិ​ហ្ស៊ី​ម​បាប​វ៉េ​បាន 18លើក​។ ​ការ​មក​ដល់​របស់ Nakamba ​គឺ​ក្នុង​ថ្ងៃ​តែមួយ​ដែល Aston Villa ទិញ​អ្នកចាំទី Tom Heaton 8លាន​ផោន​ពី Burnley​។

​គិត​មកដល់ពេលនេះ Aston Villa បាន​ចំណាយ​ជាង 120លាន​ផោន​ មុន​យុទ្ធនា​ការ​ឡើង​មកកាន់ Premier League រដូវ​កាល​ថ្មី​ខាងមុខ ​ដែល​ក្រុម​របស់​លោក Dean Smith នឹង​ត្រូវ​ប្រកួត​សប្ដាហ៍​ដំបូង​នៅផ្ទះ Tottenham Hotspur៕

​អត្ថបទ​៖​នាង សុភា​វុ​ធ​ ប្រភពពី​: BTV Cambodia