ក្លឹប FC Barcelona នៅតែមមាញឹកនៅឡើយសម្រាប់ទីផ្សារដោះដូរកីឡាករ ព្រោះតែកីឡាករខ្លះជាចំណែកលើសសម្រាប់ការចាប់ផ្តើមរដូវកាលថ្មី។ ប្រធានក្លឹប Josep Maria Bartomeu បានសារភាពថាមិនទាន់ចប់និងកំពុងបន្តដំណើរការទៅមុខទៀតមុនពេលទីផ្សារដោះដូរត្រូវបិទ ហើយប្រធានបទផ្ទេរ Neymar ត្រូវបានគេលើកយកមកនិយាយច្រើនបំផុតនោះបានឈានទៅដល់ទីបញ្ចប់ បន្ទាប់ពីមិនត្រូវថ្លៃ ស្របពេលក្លឹបបានសិក្សាពីការខ្ចីជើងជំនួសវិញ ប៉ុន្តែហាក់ដូចជានៅស្ងប់ស្ងៀមនៅឡើយ។
ផ្ទុយទៅវិញកីឡាករ ៣រូបនេះគឺក្លឹបនៅតែចង់លក់ពួកគេចេញមុនការប្រកួត La Liga ២០១៩-២០២០ ចាប់ផ្តើមៈ
១.Coutinho
Coutinho បានវិលត្រឡប់មកហ្វឹកហាត់នៅថ្ងៃនេះវិញបន្ទាប់ពីឈ្នះ Copa America កាលពីខែមុន។ ខ្សែបម្រើរូបនេះត្រូវបានក្លឹបដាក់បញ្ចូលនៅក្នុងកិច្ចព្រមព្រៀងដោះដូរយក Neymar មក CampNou តែក្រុម PSG ហាក់ដូចជា មិនចាប់អារម្មណ៏នឹងរូបគេ ខណៈមានពត៌មានលើកឡើងថារូបគេសម្លឹងរកឪកាសវិលត្រលប់ទៅក្របខ័ណ្ឌ Premier League វិញផងដែរ។
២.Rakitic
រឿងរ៉ាវស្រដៀងគ្នានឹង Coutinho ដែរគឺគ្រូបង្វឹក Ernesto Valverde បាននិយាយថាគាត់មិនអាចធានានូវកៅអី ជម្រើសដំបូងនៅក្នុងក្រុមសម្រាប់ខ្សែបម្រើកណ្តាលសញ្ជាតិក្រូអាត Ivan Rakitic នៅរដូវកាលក្រោយបានទេ។ ទោះយ៉ាងណាក្លឹបបានដាក់បញ្ចូលបេក្ខភាព Rakitic បូកបន្ថែមថវិកាដើម្បីទិញ Neymar ដូចគ្នានឹង Coutinho ដែរ តែ PSG បានបង្ហាញចេតនាចង់បានជាសាច់ប្រាក់សុទ្ធដូចដែលក្លឹបធ្លាប់បង់អោយ Barcelona កាលពី ២ឆ្នាំមុនច្រើនជាង។ ក្រុម Inter Milan បានបង្ហាញការចាប់អារម្មណ៍ចង់បានតែមិនចង់ទិញផ្តាច់ដោយសារតែបញ្ហាថវិកា និងចង់ខ្ចីជើងច្រើនជាង។
៣.Rafinha
ទោះបីជាជាប់រវល់ក្នុងទីផ្សារដោះដូរកីឡាករ ប៉ុន្តែក្លឹបនៅតែចាត់់ទុកខ្សែបម្រើអន្តរជាតិប្រេស៊ីល Rafinha ជាផ្នែកមួយនៃការប្រើប្រាស់។ កុងត្រារបស់គាត់នឹងផុតកំណត់នៅថ្ងៃទី៣០ ខែមិថុនាឆ្នាំក្រោយ ដូច្នេះក្រុមមិនចង់បាត់បង់រូបគេដោយគ្មានតម្លៃខ្លួនក្នុងលក្ខណ្ឌ(Free Transfer)នោះទេ។ បញ្ហារបួសបានធ្វើអោយអាជីពរបស់ Rafinha ជួបប្រទះផលវិបាកក្នុងការបង្ហាញសមត្ថភាពនិងឧបសគ្គមួយចំនួន ប៉ុន្តែទោះបីជាយ៉ាងណាក្តីក៏មានក្លឹបដទៃទៀតចាប់អារម្មណ៏ចង់បានកីឡារវ័យ ២៦ឆ្នាំរូបនេះមករួមក្រុមដែរ។