ខ្សែការពារ Laurent Koscielny ដែលជាប្រធានក្រុមនៃក្រុម Arsenal បានបំពេញការវិលត្រឡប់របស់គេ ទៅកាន់ប្រទេសបារាំងវិញ កាលពីថ្ងៃអង្គារ ក្រោយពីបានយល់ព្រមការផ្ទេរមួយជាមួយនឹងក្លិប Bordeaux របស់ក្របខ័ណ្ឌ Ligue 1 ក្នុងកិច្ចសន្យារយៈពេល៣ឆ្នាំ។
ខ្សែការពារអន្តរជាតិបារាំងវ័យ៣៣ឆ្នាំរូបនេះ បានបញ្ជាក់យ៉ាងច្បាស់ពីបំណងរបស់គេទាក់ទងនឹងការផ្ទេរចេញ កាលពីខែមុន នៅពេលដែលរូបគេបានបដិសេធក្នុងការធ្វើដំណើរជាមួយនឹងក្រុម Arsenal សម្រាប់ការប្រកួតមុនបើករដូវកាល នៅលើទឹកដីសហរដ្ឋអាមេរិក។ ការប្រឈមមុខដាក់គ្នារបស់គេជាមួយនឹងក្លិបនេះ បានកើតឡើង ក្រោយពីក្រុមកាំភ្លើងធំបានច្រានចោលសំណើរបស់គេក្នុងការចាកចេញនៅឆ្នាំចុងក្រោយនៃកិច្ចសន្យារបស់គេ។
ក្លិប Bordeaux បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ក្លិបនេះ ពិតជារីករាយណាស់ក្នុងការពឹងផ្អែកទៅលើកីឡាករម្នាក់ដែលមានបទពិសោធក្នុងកម្រិតដ៏ខ្ពស់បំផុត»។ Koscielny បានលេងការប្រកួត៣៥៣លើកសម្រាប់ក្រុម Arsenal ដោយឈ្នះពាន FA Cup ៣លើក និងបានជាប់ជាប្រធានក្រុមរបស់ក្លិប កាលពីដើមរដូវកាលមុន បន្ទាប់ពីការចូលនិវត្តន៍របស់ខ្សែការពារ Per Mertesacker។ Arsenal បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «យើងសូមថ្លែងអំណរគុណដល់ Laurent សម្រាប់ការលះបង់របស់គេចំពោះក្លិបនេះ និងសូមជូនពរឲ្យគេជួបតែសំណាងល្អបំផុតទៅថ្ងៃអនាគត»៕
ប្រភពព័ត៌មាន៖ Channel News Asia
Koscielny ចេញពី Arsenal ទៅកាន់ក្លិប Bordeaux
អត្ថបទទាក់ទង