ការខកចិត្តក្នុងការខកខានលើការឈ្នះពាន Premier League ទោះបីជួបរដូវកាលដ៏អស្ចារ្យ ត្រូវបានធ្វើឲ្យធូរស្រាលវិញដោយការឈ្នះពាន European Cup សម្រាប់ក្រុម Liverpool កាលពីរដូវកាលមុន ប៉ុន្តែ ការបញ្ចប់ការរង់ចាំ ដើម្បីក្លាយជាម្ចាស់ជើងឯកអង់គ្លេស បច្ចុប្បន្ន កម្រិតសំខាន់ជាងសម្រាប់ក្រុមស្ថិតនៅតំបន់ Merseyside មួយនេះ។

ក្រុមរបស់លោក Jurgen Klopp ត្រូវបានរំពឹងទុកថា នឹងបង្ហាញពីភាពខ្លាំងមុនគេ ក្នុងការប្រជែងដណ្តើមពាន នៅពេលដែលពួកគេចាប់ផ្តើមបើករដូវកាលក្របខ័ណ្ឌ Premier League ក្នុងពេលប៉ះជាមួយនឹងក្រុមទើបតែឡើងមកថ្មី Norwich នៅរាត្រីថ្ងៃសុក្រនេះ នាកីឡដ្ឋាន Anfield។

ប៉ុន្តែ ទោះបីជាយ៉ាងណា ជាមួយនឹងការមានភាពផ្ទុយគ្នាស្រឡះទៅនឹងគូប្រជែងភាគច្រើនរបស់ពួកគេ ដែលបានមមាញឹកនឹងការទិញចូលកីឡាករថ្មីៗ ក្នុងទីផ្សារដោះដូរកីឡាករ ដោយក្លិបស្ថិតក្របខ័ណ្ឌ Premier League បានចំណាយប្រាក់ច្រើនជាង១លានពាន (ស្មើនឹង១,២លានដុល្លារអាមេរិក) Liverpool បានរក្សាស្ថិតក្នុងភាពស្ងាត់ស្ងៀមជាពិសេសនៅរដូវក្តៅនេះ។ កីឡាករវ៏័យក្មេង Sepp van den Berg និង Harvey Elliott ត្រូវបានទិញចូល ដោយទុកសម្រាប់ការអភិវឌ្ឍទៅថ្ងៃអនាគត ខណៈដែលអ្នកចាំទីអេស្ប៉ាញ Adrian នឹងជំនួសកន្លែងរបស់ Simon Mignolet ក្នុងនាមជាអ្នកចាំទីជម្រើសទី២បន្ទាប់ពី Alisson Becker។

ប៉ុន្តែ លោក Klopp ជឿជាក់ថា មូលដ្ឋានគ្រឹះត្រូវបានរៀបចំរួចជាស្រេចសម្រាប់ការប្រជែងដណ្តើមពាន ក្រោយពីបានចំណាយប្រាក់ច្រើនជាង២៣០លានផោន ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ ដើម្បីនាំយកតារាឆ្នើមៗដូចជា Alisson, Virgil van Dijk និង Mohamed Salah។ លោក Klopp បានប្រាប់ទូរទស្សន៍ Sky Sports ថា៖ «អ្នកមិនគួរទិញចូលកីឡាករថ្មីឡើយ ព្រោះក្លិបផ្សេងកំពុងតែដោះដូរ»៕
ប្រភពព័ត៌មាន៖ Channel News Asia