David Luiz គឺជាខ្សែការពារដ៏សំខាន់ ក្រោមការដឹកនាំរបស់អតីតគ្រូបង្វឹក Maurizio Sarri និងបានជួយក្រុមតោខៀវឈ្នះពានរង្វាន់ Europa League ព្រមទាំងបញ្ចប់ក្នុងចំណាត់ថ្នាក់លេខរៀងទី៣ នៅក្របខណ្ឌ English Premier League រដូវកាលមុន។ ប៉ុន្តែទីបំផុតនៅថ្ងៃបិទទីផ្សារដោះដូរកីឡាករទី៨ សីហា ២០១៩ម្សិលមិញ
រូបគេបានសម្រេចចិត្តចាកចេញពី Stamford Bridge ទៅកាន់ក្រុមមានមូលដ្ឋានរួមទីក្រុងគឺ Arsenal។

ទោះបីជាបានបន្តកុងត្រារយៈពេល ២ ឆ្នាំទៀតដ៏ដោយ ប៉ុន្តែសម្រាប់កីឡាករអន្តរជាតិប្រេស៊ីលរូបនេះបានសម្រេចផ្លាស់ចេញពីក្លឹប ស្របពេលគោលការណ៏របស់ក្រុម Chelsea ក៏និងបន្តកិច្ចសន្យាច្រើនបំផុត ១ឆ្នាំដល់កីឡាករដែលមានអាយុលើសពី ៣០ឆ្នាំ។ ស្របពេលកីឡាករខ្សែការពារ Antonio Rudiger វិលត្រលប់ពីរបួសវិញ នោះឪកាសរបស់ Luiz កាន់តែខើចខ្លី ដូច្នេះហើយទើបធ្វើអោយអតីតកីឡាករក្រុម Benfica ផ្លាស់ទៅលេងនៅក្រុម Arsenal ដើម្បីរួមការងារសាជាថ្មីជាមួយអតីតគ្រូបង្វឹក Unai Emery ដែលធ្លាប់ធ្វើការនៅក្លឹប PSG ជាមួយគ្នា។ Luiz ត្រៀមបង្ហាញខ្លួនក្នុងតួនាទីរបស់អតីតខ្សែការពារ Laurent Koscielny ក្រោយផ្ទេរទៅ Bordeaux នៅសប្តាហ៍នេះ។

រីឯគ្រូបង្វឹក Frank Lampard កន្លងមកបានផ្តល់ឪកាសដល់កីឡាករខ្សែការពារ Andreas Christensen ចាប់ដៃគូគ្នាជាមួយ Kurt Zouma កំលុងពេលប្រកួតមិត្តភាពមុនបើករដូវកាលជាមួយ នឹង Monchengladbach ហើយរំពឹងថាពួកគេទាំងពីរនាក់និងបង្ហាញខ្លួនក្នុងជំនួបបើករដូវកាលសប្តាហ៏ទី១ នៅថ្ងៃអាទិត្យជាមួយ ក្រុមបិសាចក្រហម Manchester United ។