ក្រុម Manchester City បានបញ្ជាក់ថាខ្សែបម្រើស្លាប Leroy Sane នឹងត្រូវធ្វើការវះកាត់ជង្គង់ខាងស្តាំរបស់គាត់បន្ទាប់ពីរងរបួសក្រោយចូលលេងបានតែ ១០នាទីប៉ុណ្ណោះក្នុងការប្រកួតពានបើករដូវកាល FA Community Shield កាលពីថ្ងៃអាទិត្យមុនជាមួយក្រុម Liverpool។

ជាលទ្ធផលផ្អែកលើការវាយតម្លៃជាចុងក្រោយបានអោយដឹងថា Sane និងត្រូវខកខានចូលរួមការ ប្រកួតបើករដូវកាលថ្មី ២០១៩-២០២០ សម្រាប់ក្រុមការពារតំណែងជើងឯក។ ក្លិបមេឃខៀវក៏បានបញ្ជាក់ជាផ្លូវការណ៏លើគេហទំព័ររបស់ខ្លួនថានៅល្ងាចថ្ងៃព្រហស្បតិ៍នេះថាកីឡាករអន្តរជាតិអាឡឺម៉ង់ Sane នឹងត្រូវទៅជួបគ្រូពេទ្យជំនាញ និងធ្វើការពិនិត្យបន្ថែមទៀតមុននិងត្រូវធ្វើការវះកាត់នៅសប្តាហ៍ខាងមុខនេះ។

កីឡាករវ័យ ២៣រូបនេះមានការចាប់អារម្មណ៏ចង់បាននពីក្លឹប Bayern Munich ប៉ុន្តែក្រុមជើងឯក Bundesliga បានដកថយការខិតខំប្រឹងប្រែងចរចារជាមួយរូបគេក្រោយពីបញ្ហារបួសកើតមានឡើង។ ដូច្នេះគ្រូបង្វឹក Man.City លោក Pep Guadiola ជឿជាក់យ៉ាងហោចណាស់រូបគេនិងបន្តលេងជាមួយក្រុមរដូវកាលថ្មី ១ឆ្នាំទៀត។