បាល់ទាត់៖ ​បន្ទាប់ពី​នាំ​យក​ខ្សែប្រយុទ្ធ​អង់គ្លេស Danny Welback​ កាលពី​ថ្ងៃ​ពុធ Watford មុន​បិទ​ទីផ្សារ​ដោះដូរ​កីឡាករ​យប់​មិញ​ បាន​សំរេច​ក្នុង​ការ​នាំ​យក​ខ្សែប្រយុទ្ធ​សេ​ណេ​ហ្កា​ល់ Ismaila Sarr​ ពី​ក្លិប​បារាំង Rennes ២៥​លាន​ផោន ​ដែល​តំលៃ​នេះ​គឺជា​តំលៃ​ថ្លៃ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ក្លិប​។

​​កីឡាករ​វ័យ ២១ឆ្នាំ​រូប​នេះ​បាន​ចុះហត្ថលេខា​ 5​ឆ្នាំ​នៅ​កីឡដ្ឋាន Vicarage Road បន្ទាប់ពី​ស៊ុត​បញ្ចូល​ទី ១៣គ្រាប់​ក្នុងចំណោម​ការ​បង្ហាញ​ខ្លួន ៥០ប្រកួត​ជាមួយ Rennes រដូវ​កាល​មុន​។ ​

Ismaila Sarr ​ដែល​ធ្លាប់​បង្ហាញខ្លួន ២៦លើក​ជាមួយ​ក្រុម​ជំរើសជាតិ​សេ​ណេ​ហ្កា​ល់ គឺជា​សមាជិក​ដែល​នាំ Rennes ឈ្នះ​ជើងឯក Coupe de France រដូវ​កាល​មុន ដោយ​ជា​អ្នក​ស៊ុត​បញ្ចូល​ទី​បាល់ ១១ម៉ែត្រ​កាត់សេចក្ដី​ចុងក្រោយ​យកឈ្នះ Paris Saint Germain​។ ​គិត​មកដល់ពេលនេះ Watford ទិញ​បាន​កីឡាករ​បួន​នាក់​មុន​រដូវ​កាល​ថ្មី​រួមមាន Ismaila Sarr, Danny Welback, Craig Dawson និង Tom Dele-Bashiru៕

​អត្ថបទ​៖​នាង សុភា​វុ​ធ By: BTV