អ្នកចាំទី Alisson Becker របស់ក្លិប Liverpool កាលពីថ្ងៃចន្ទ ត្រូវបានប្រកាសដោយលោកគ្រូបង្វឹក ថា Jurgen Klopp នឹងត្រូវអវត្តមានសម្រាប់រយៈពេល៣ ទៅ៤សប្តាហ៍ ក្រោយពីរូបគេបានរងរបួសកំភួនជើង ក្នុងពេលក្រុមខ្លួនបានយកឈ្នះលើក្រុម Norwich ក្នុងលទ្ធផល ៤-១។

អ្នកចាំទីអន្តរជាតិប្រេស៊ីល Alisson បានរងរបួសក្នុងតង់ទី១នៃការប្រកួតបើករដូវកាលថ្មីរបស់ Liverpool ក្នុងក្របខ័ណ្ឌ Premier League នៅកីឡដ្ឋាន Anfield កាលពីថ្ងៃសុក្រ។ លោក Klopp បានប្រាប់គេហទំព័ររបស់ Liverpool ថា៖ «មិនមែនជារឿងដែលរំភើបខ្លាំងឡើយ។ វាជាបញ្ហារបួសកំភួនជើង ដែលនឹងតម្រូវឲ្យរូបគេសម្រាកមួយរយៈ។

ខ្ញុំមិនអាចបញ្ជាក់បានថា នៅពេលដែលរូបគេនឹងវិលចូលលេងវិញឡើយ ប៉ុន្តែ រូបគេនឹងមិនអាចចូលលេងបាននៅថ្ងៃពុធនេះឡើយ។ ហេតុនេះ នៅពេលនេះ យើងត្រូវតែរង់ចាំ។ វាត្រូវការពេលមួយរយៈ វាត្រូវការពេលជាច្រើនសប្តាហ៍ ហើយយើងត្រូបតែរង់ចាំមើល»។ អ្នកចាត់ការទូទៅសញ្ជាតិអាល្លឺម៉ង់រូបនេះបានបន្ថែមទៀតថា៖ «ខ្ញុំបានមើលឃើញរួចជាស្រេចថា រូបគេអាចនឹងអវត្តមានរយៈពេល៦សប្តាហ៍ ប៉ុន្តែ Ali មិនធ្លាប់រងរបួសសោះក្នុងអាជីពរបស់គេ ហេតុនេះ ខ្ញុំចង់រង់ចាំមើលបន្តិច ដើម្បីពិនិត្យទៅលើកម្រិតពីការវិវឌ្ឍរបស់គេនៅពេលនេះ។

ប៉ុន្តែ រូបគេមិនអាចចូលលេងបានឡើយសម្រាប់រយៈពេល៣ ទៅ៤សប្តាហ៍»។ Alisson វ័យ២៦ឆ្នាំ ត្រូវបានជំនួសដោយអ្នកចាំទីពោរពេញដោយបទពិសោធសញ្ជាតិអេស្ប៉ាញ Adrian ពេលប្រកួតជាមួយនឹងក្រុម Norwich៕

ប្រភពព័ត៌មាន៖ Channel News Asia