បាល់ទាត់៖ ​ក្លិប​បាល់ទាត់​សេះបង្កង់ Juventus បាន​បញ្ជាក់​ឱ្យ​ដឹង​ថា​ លោក Maurizio Sarri ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​វិនិច្ឆ័យ​ឃើញ​ថា ​កំពុង​ទទួល​រង​ជំងឺ​រលាក​សួត​ បន្ទាប់ពី​លោក​មាន​អាការៈ​ផ្ដាសាយ​ជាច្រើន​ថ្ងៃ​។

​​អាការៈ​ជំងឺ​របស់​លោក​ Sarri​ បាន​កើត​ឡើង​តាំងពី​អំឡុង​មួយ​សប្ដាហ៍​មុន​មក​ម្ល៉េះ ​ដែល​បណ្តាល​ឱ្យ​លោក​ត្រូវ​ការ​ពិនិត្យ និង​ព្យាបាល​​ជាបន្ទាន់ ​ដែល​តម្រូវ​ឱ្យ​លោក​អវត្តមាន​ពី​ទីលាន​ ក្នុង​ការ​ប្រកួត​កន្លងមក​រាប់​ទាំង​ការប្រកួត​មិត្តភាព​ក្នុង​ដី​រវាង​ក្រុម Juventus ទល់នឹង​ក្រុម​យុវជន ​Villar Perosa ​របស់​ខ្លួន​ ព្រមទាំង​ការប្រកួត​មិត្តភាព​ជាមួយ​ក្លិប ​Triestina មុន​បើក​រដូវ​កាល​ថ្មី​ទៀត​ផង​។​

​ដោយឡែក​ចំពោះ​សេចក្ដីថ្លែងការណ៍​របស់​ក្លិប Juventus ក៏បាន​បញ្ជាក់​ថា​ “​លោក Maurizio Sarri​ បាន​ធ្វើ​ការ​សម្រាក​ពី​ក្លិប​កាលពី​ចុង​សប្ដាហ៍​មុន​ ដោយ​បាន​សម្របសម្រួល​ទទួល​ខុស​ត្រូវ​មក​កាន់​បុគ្គលិក​ និង​ក្រុម​ការងារ​របស់​គាត់​។​ លោក​ Sarri​ មិន​អាច​មក​បង្ហាត់​ក្លិប​បាន​ឡើយ ​បន្ទាប់ពី​លោក​មាន​អាការៈ​ផ្ដាសាយ​ធ្ងន់ធ្ងរ​កាលពី​សប្ដាហ៍​មុន​ ខណៈ​ដែល​ក្រុម​វេជ្ជបណ្ឌិត​បាន​ពិនិត្យ​ និង​តាមដាន​អាកា​រៈ​របស់​លោក ​និង​បាន​បញ្ជាក់​ថា​ គាត់​កំពុងតែ​កើត​ជំងឺ​រលាក​សួត​”​។

គួរ​ឱ្យ​ដឹង​ផង​ដែរ​ថា ​លោក Maurizio Sarri​ គឺជា​គ្រូ​បង្វឹក​ម្នាក់​ដែល​ល្បីល្បាញ​ ពី​ការ​ជក់បារី​ខ្លាំងក្លា​លើស​កម្រិត​របស់​គាត់ ​ដោយ​អតីត​គ្រូ​បង្វឹក Chelsea រូប​នេះ​ត្រូវ​បាន​គេ​រាយការណ៍​ថា ​ជក់បារី​ប្រហែល​ជា ​៦០​ដើម​ក្នុង​មួយថ្ងៃ​។​ ​សូម​ជម្រាប​ផង​ដែរ​ថា​ ក្លិប Juventus នឹង​ត្រូវ​ត្រៀមខ្លួន​សម្រាប់​ការ​បើក​រដូវ​កាល​ថ្មី Serie A ដោយ​ត្រៀម​ប៉ះ​ក្រុម Parma នៅ​ក្រៅ​ដី​នា​ចុង​សប្ដាហ៍​នេះ​ ស្រប​ពេល​ដែល​ខ្លួន​កំពុង​មាន​បញ្ហា​ពាក់ព័ន្ធ​នឹង​គ្រូ​បង្វឹក​យ៉ាង​ណាក្តី​៕

​អត្ថបទ​៖​ ខន ​មេសា Credit: BTV