Fernando Torres សង្ឃឹមថា គេអាចស៊ុតបញ្ចូលទីបានក្នុងការប្រកួតចុងក្រោយ នៃអាជីពកីឡាករបាល់ទាត់របស់ខ្លួននៅពេល Sagan Tosu ទទួលភ្ញៀវ Vissel Kobe នៅថ្ងៃសុក្រនេះក្របខណ្ឌលីគកំពូលជប៉ុន។
កីឡាករវ័យ ៣៥ឆ្នាំអេស្ប៉ាញរូបនេះ បានប្រកាសកាលពីខែមិថុនាកន្លងទៅថា គេនឹងចូលនិវត្តន៍មែនទែនហើយដោយជ្រើសរើសជំនួបជាមួយ Vissel Kobe ជាប្រកួតចុងក្រោយនៃអាជីពបាល់ទាត់ ពោលគឺនឹងប្រឈមជាមួយ Vissel Kobe ដែលមានអតិតមិត្តរួមក្រុមជំរើសជាតិអេស្ប៉ាញដូចជា Andres Iniesta និង David Villa។ Fernando Torres ជាសមាជិកក្រុមអេស្ប៉ាញដែលឈ្នះជើងឯក World Cup ២០១០ នៅអាហ្វ្រិកខាងត្បូង និងជើងឯកអឺរ៉ុប Euro ២០០៨ និង ២០១២។
កីឡាករដែលផុសចេញពីថ្នាលយុវជនរបស់ Ateltico Madrid រូបនេះបានចំណាយពេល ១៨ឆ្នាំជាមួយក្លិបអាជីព រួមមាន Ateltico Madrid, Liverpool, Chelsea, AC Milan និងចុងក្រោយបំផុតជាមួយ Sagan Tosu នេះ។ កីឡាករវ័យ ៣៥ឆ្នាំរូបនេះ បានមកដល់ទឹកដីជប៉ុនកាលពីខែកក្កដាឆ្នាំមុន ស៊ុតបញ្ចូលទីបាន ៣គ្រាប់ក្នុងរដូវកាលដំបូង និងពីរគ្រាប់រដូវកាលនេះ៕
ព័ត៌មានកីឡា Fernando Torres នឹងលេងប្រកួតចុងក្រោយថ្ងៃសុក្រនេះមុនចូលនិវត្តន៍
អត្ថបទទាក់ទង