ខ្សែបម្រើដ៏ឆ្នើមអន្តរជាតិប្រេស៊ីល Philippe Coutinho នឹងមិនចូលលេងក្នុងជម្រើសទាំង១១នាក់ដំបូងក្នុងការប្រកួតក្របខ័ណ្ឌ Bundesliga ជាលើកទី១របស់គេឡើយ នៅពេលដែលក្រុម Bayern Munich ធ្វើដំណើរទៅកាន់ទឹកដីក្រុម Schalke នៅថ្ងៃសៅរ៍ សប្តាហ៍នេះ។
នេះយោងទៅតាមការបញ្ជាក់របស់លោកគ្រូបង្វឹក Niko Kovac កាលពីថ្ងៃព្រហស្បតិ៍។ Coutinho វ័យ២៧ឆ្នាំ បានក្លាយជាប្រធានបទនៃការពិភាក្សាក្នុងប្រទេសអាល្លឺម៉ង់ បើគិតចាប់តាំងពីបានចូលរួមជាមួយនឹងក្រុម Bayern ក្នុងលក្ខខណ្ឌខ្ចីជើងពេញ១ឆ្នាំ ពីក្លិប Barcelona កាលពីដើមសប្តាហ៍នេះ។ ប៉ុន្តែ នៅឯសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃព្រហស្បតិ៍ លោក Kovac បានបញ្ជាក់ថា តារាឆ្នើមអន្តរជាតិប្រេស៊ីលរូបនេះ នឹងស្ថិតក្នុងនាមជាកីឡាករបម្រុងក្នុងការប្រកួតជាលើកទី១របស់គេ ក្នុងនាមជាកីឡាកររបស់ Bayern។
លោក Kovac បានឲ្យដឹងថា៖ «រូបគេមិនបានស្ថិតក្នុងកម្រិតរឹងមាំទាំងស្រុងដែលរូបគេត្រូវការដើម្បីលេងឲ្យបាន៩០នាទីឡើយ»។ មុនពេលប្រកាសថា Coutinho នឹងស្ថិតក្នុងក្រុមក្នុងនាមជាកីឡាករបម្រុង លោកបានបន្ថែមទៀតថា៖ «រូបគេបាននិយាយបែបនោះដោយខ្លួនឯង ហើយយើងមិនចង់ធ្វើការប្រថុយប្រឋានណាមួយឡើយ។ រូបគេបានហ្វឹកហាត់ត្រឹមតែ២សប្តាហ៍ចុងក្រោយប៉ុណ្ណោះ ហេតុនេះ រូបគេត្រូវតែពេលវេលាបន្ថែមទៀត។
ខ្ញុំដឹងថា មនុស្សជាច្រើនចង់ឲ្យយើងដាក់ឲ្យរូបគេលេងភ្លាមៗតែម្តង ប៉ុន្តែ រាល់អ្វីៗទាំងអស់ត្រូវតែមានភាពត្រឹមត្រូវ»។ លោក Kovac បានបញ្ជាក់ថា កីឡាករចំណូលថ្មីម្នាក់ទៀតក្នុងតំបន់ប្រយុទ្ធរបស់ក្រុម Bayern គឺខ្សែបម្រើស្លាបអន្តរជាតិក្រូអាស៊ី Ivan Perisic អាចនឹងលេងក្នុងជម្រើសទាំង១១នាក់ដំបូងពេលជួបក្រុម Schalke៕
ប្រភពព័ត៌មាន៖ Channel News Asia
លោក Kovac៖ Coutinho នឹងមិនចូលលេងក្នុងជម្រើសដំបូងសម្រាប់ Bayern នៅថ្ងៃសៅរ៍នេះឡើយ
អត្ថបទទាក់ទង