(មេនឆេស្ទើ)៖ កីឡាករលេងក្នុងតំណែងខ្សែបម្រើប្រយុទ្ធ Yaya Toure បានប្រកាសលាឈប់ពីក្រុមជម្រើសជាតិកូដឌីវ័រ ក្រោយធ្លាប់ប្រកាសចូលនិវត្តន៍ម្តងកាលពីឆ្នាំ២០១៦ កន្លងទៅ។

កីឡាករវ័យ៣៤ឆ្នាំ ដែលកំពុងប្រកបអាជីពក្នុងក្លឹបអង់គ្លេស មេឃខៀវ Manchester City បច្ចុប្បន្ន ជាផ្នែកសំខាន់ដែលបានជួយឲ្យក្រុមជម្រើសជាតិកូដឌីវ័រលើកពានប្រចាំទ្វីបអាហ្វ្រិក Africa Cup of Nations កាលពី ឆ្នាំ២០១៥ ដែលបានលាឈប់ម្តងរួមមកហើយកាលពីខែកញ្ញា ឆ្នាំ២០១៦ តែក្រោយមកវិលមកវិញ ជាមួយនឹងការលេងបានជាង ១០០ប្រកួត។

កីឡាករដែលទើបតែចូលលេងក្នុង Man City បាន៣ប្រកួតរដូវកាលនេះបានថ្លែងប្រាប់ BBC ថា «ខ្ញុំស្រឡាញ់ប្រទេស របស់ខ្ញុំ តែពេលនេះខ្ញុំទំនេរពីការជ្រើសរើសក្នុងក្រុមជម្រើសជាតិហើយ។ កន្លងមកខ្ញុំចង់ជួយប្រទេសរបស់ខ្ញុំតាមលទ្ធ ភាព និងបទពិសោធន៍ដែលខ្ញុំមាន តែពេលនេះអស់ពេលហើយ គ្រាដែលវ័យកាន់តែចាស់ និងទុកឱកាសឲ្យក្មេងជំនាន់ ក្រោយបានបញ្ចេញសមត្ថភាព»។

ការសម្រេចចិត្តលាឈប់ពីជម្រើសជាតិ ក៏ដោយសារតែក្រុមជម្រើសជាតិរហស្សនាម «ដំរី» មិនបានឈ្នះកៅអីទៅ FIFA World Cup 2018 នៅរុស្ស៊ីឡើយ តែនឹងចាប់ផ្តើមប្រកួតជម្រុះបានប្រចាំទ្វីបជាបន្តទៀត នៅក្នុងខែមីនា ឆ្នាំ២០១៩ ខាងមុខ៕
Via: khmertalking