ក្លិបហង្សក្រហម Liverpool បានចុះហត្ថលេខាជាមួយនឹង Virgil van Dijk របស់ក្លិប Southampton កាលពីថ្ងៃពុធ សម្រាប់តម្លៃខ្លួន ៧៥លានផោន (ស្មើនឹង១០០លានដុល្លារអាមេរិក) ក្នុងការផ្ទេរមួយដែលនឹងធ្វើឲ្យរូបគេក្លាយជាខ្សែការពារមានតម្លៃខ្លួនខ្ពស់ជាងគេបំផុតក្នុងពិភពលោក។
Van Dijk ត្រូវបានទាក់ទងជាមួយនឹងការផ្ទេរមួយទៅកាន់ក្លិប Liverpool អស់រយៈពេលជាច្រើនខែមកហើយ ហើយក្លិបមានមូលដ្ឋាននៅ Anfield មួយនេះ ត្រូវបានបង្ខំឲ្យចេញការសុំអភ័យទោស ក្រោយពីបានធ្វើការស្នើមិនស្របច្បាប់សម្រាប់ខ្សែការពារអន្តរជាតិហូឡង់រូបនេះ កាលពីដើមឆ្នាំនេះ។ លោក Jurgen Klopp គ្រូបង្វឹករបស់ក្រុមហង្សក្រហម នៅតែមានការប្តេជ្ញាចិត្តក្នុងការចុះហត្ថលេខាជាមួយនឹង Van Dijk ខណៈដែលលោកព្យាយាមក្នុងការពង្រឹងតំបន់ការពារដែលបានកម្ទេចមហិច្ឆតានៃការប្រជែងពានក្របខ័ណ្ឌ Premier League របស់ក្រុម Liverpool។
Van Dijk បានសរសេរនៅលើបណ្តាញសង្គម Twitter រួមជាមួយនឹងការបង្ហោះរូបថតរបស់គេកំពុងតែកាន់អាវរបស់ Liverpool ថា៖ «ខ្ញុំពិតជារីករាយណាស់ និងមានកិត្តិយសក្នុងការយល់ព្រមដើម្បីក្លាយជាកីឡាករម្នាក់របស់ Liverpool FC»។ ខ្សែការពាររូបនេះបានបន្ថែមទៀតថា៖ «នៅថ្ងៃនេះ ជាថ្ងៃដ៏មានមោទនភាពសម្រាប់ខ្ញុំ និងសម្រាប់ក្រុមគ្រួសាររបស់ខ្ញុំ ខណៈដែលខ្ញុំចូលរួមជាមួយនឹងក្លិបមួយក្នុងចំណោមក្លិបដ៏ធំបំផុតក្នុងពិភពលោក»។
បើទោះបីក្លិប Chelsea និង Manchester City ត្រូវបានគេរាយការណ៍ថា បានចាប់អារម្មណ៍ទៅលើ Van Dijk ក៏ដោយ ប៉ុន្តែទីបំផុត លោក Klopp បានទទួលកីឡាករក្នុងគោលដៅរបស់លោកជាមួយនឹងការផ្តល់ប្រាក់ចំណូល១៨ម៉ឺនផោន ក្នុងមួយសប្តាហ៍។ ក្លិប Liverpool បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ក្លិបបាល់ទាត់ Liverpool អាចប្រកាសថា ពួកគេបានឈានដល់ការព្រមព្រៀងគ្នាមួយជាមួយនឹង Southampton សម្រាប់ការផ្ទេរ Virgil van Dijk»។ ខ្សែការពារវ័យ២៦ឆ្នាំរូបនេះ នឹងបំពេញការផ្ទេរជាផ្លូវការរបស់គេទៅកាន់ Liverpool នៅថ្ងៃទី១ ខែមករា ខាងមុខនេះ៕
ប្រភព៖ Channel News Asia