ក្រុម Manchester City បានបន្ថែមការនាំមុខរហូតដល់ទៅ ១៥ពិន្ទុនៅលើកំពូលតារាងនៃក្របខ័ណ្ឌ Premier League ខណៈដែល Raheem Sterling បានជួយឲ្យក្រុមកំពុងនាំមុខដាច់នៅលើតារាងមួយនេះ កត់ត្រាជ័យជម្នះ ១-០ នៅលើទឹកដីក្រុម Newcastle កាលពីថ្ងៃពុធ។
ក្រុមរបស់លោក Pep Guardiola ហាក់ដូចជាមានភាពច្បាស់លាស់ក្នុងការឈ្នះពាននៅរដូវកាលនេះ ក្រោយពីបន្តកំណត់ត្រាឈ្នះជាប់ៗគ្នារបស់ពួកគេក្នុងក្របខ័ណ្ឌ Premier League រហូតដល់ទៅ ១៨ប្រកួត។ គ្រាប់បាល់បញ្ចូលទីនៅនាទី ទី៣១របស់ Sterling បានធ្វើឲ្យក្រុម Man City បន្ថែមការនាំមុខកាន់តែដាច់ឆ្ងាយលើក្រុមឈរលេខ២ Manchester United ដែលបានបញ្ចប់ក្នុងលទ្ធផលស្មើជាមួយនឹងក្រុម Burnley កាលពីថ្ងៃអង្គារ។ ក្លិបតែមួយក្នុងចំណោមក្របខ័ណ្ឌលីកដ៏ធំបំផុតទាំង៥របស់អឺរ៉ុប ដែលមានកំណត់ត្រាឈ្នះជាប់ៗគ្នាច្រើនជាងគេគឺ Bayern Munich ដែលបានកត់ត្រាជ័យជម្នះ១៩លើកជាប់ៗគ្នាក្រោមការដឹកនាំរបស់លោក Guardiola ក្នុងរដូវកាលឆ្នាំ២០១៣-២០១៤។
Man City អាចតាមស្មើកំណត់ត្រារបស់ក្រុម Bayern ក្នុងការប្រកួតបន្ទាប់របស់ពួកគេនៅលើទឹកដីក្រុម Crystal Palace នាថ្ងៃទី៣១ ខែធ្នូ។ Man City ក៏បានតាមស្មើកំណត់ត្រានៃការឈ្នះក្រៅដីចំនួន១១លើកជាប់ៗគ្នាផងដែរ ក្នុងក្របខ័ណ្ឌកំពូលរបស់អង់គ្លេស ខណៈដែលកំណត់ត្រានៃត្រូវបានបង្កើតឡើងដោយក្រុម Chelsea កាលពីឆ្នាំ២០០៨។ មានតែក្រុម Everton ប៉ុណ្ណោះដែលបានរាំងក្រុម Man City មិនឲ្យទទួលបាន៣ពិន្ទុពេញនៅរដូវកាលនេះ ហើយក្រុមផ្តោតតែលើការពារ Newcastle ដែលបានចំណាយកីឡាករទាំង១១នាក់ដើម្បីការពារនោះ កម្របង្កើតឱកាសវាយសម្រុកណាស់ នៅពេលដែល Sterling រកបានគ្រាប់បាល់បញ្ចូលទី៕
ប្រភព៖ Channel News Asia