ក្រុមព្រះខ័នរាជស្វាយរៀង បានលើកពានសម្តេច ហ៊ុន សែន បញ្ឈឺចិត្តក្រុមណាហ្គាវើល ជាលើកទី៣ បន្ទាប់ពីពួកគេបានយកឈ្នះណាហ្គាវើល ៣-០ ក្នុងការប្រកួតផ្តាច់ព្រ័ត្រ នៅពហុកីឡដ្ឋានជាតិ កាលពីយប់ថ្ងៃពុធ ម្សិលមិញ ឯក្រុមអគ្គិសនីកម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ៣។

គេនៅចាំបានថា ក្រុមណាហ្គាវើល ធ្លាប់បានចាញ់ក្រុមស្វាយរៀង ក្នុងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ហ៊ុនសែននេះ ចំនួន២លើកមកហើយ គឺនៅឆ្នាំ២០១២ម្តង និងឆ្នាំ២០១៥ ម្តងទៀត។ ចំណែកការវិលមកជួបគ្នាជាលើកទី៣នេះ ក្រុមណាហ្គាវើល បានបង្ហាញពីការជឿជាក់ខ្លាំង ក្នុងកាតយកឈ្នះក្រុមស្វាយរៀង ដើម្បីលុបបំបាត់ភាពហ្មងសៅ កាលពីអតីតកាល។

ប៉ុន្តែតាមរយៈការប្រកួតជាក់ស្តែង កាលពីយប់ថ្ងៃពុធ ម្សិលមិញនោះ ក្រុមស្វាយរៀង របស់លោក សំ វ៉ាន់ដេត បានបង្ហាញទម្រង់លេងយ៉ាងល្អ និងបានដាក់សម្ពាធទៅលើក្រុមលោក មាស ចាន់ណា ភ្លាមៗ ហើយភាពសប្បាយរីករាយ បានកើតមានឡើយ នៅពេលខ្សែប្រយុទ្ធ សុក សំណាង រកបាន២គ្រាប់ជាប់ៗគ្នា នៅនាទីទី២១ និងទី៣២ ដើម្បីជួយឲ្យក្រុមស្វាយរៀង នាំមុខណាហ្គាវើល ២-០ ក្នុងតង់ទី១នោះ។

ចំណែកនៅតង់ទី២ ក្រុមណាហ្គាវើល បានព្យាយាមវាយលុកវិញ ប៉ុន្តែពួកគេនៅតែមិនអាចរកបានគ្រាប់បាល់បាន។ ផ្ទុយពីនេះការស៊ុតបាល់ពីចម្ងាយរបស់ ហូយ ផល្លីន បានផុតដៃអ្នកចាំទី សំរិត សីហា និងចូលទីយ៉ាងល្អបំផុត ដើម្បីជួយឲ្យក្រុមស្វាយរៀង យកឈ្នះក្រុមណាហ្គាវើល ៣-០ ជាលើកទី៣នេះ និងក្លាយជាម្ចាស់ពាន អមជាមួយប្រាក់រង្វាន់៨០លានរៀល ឯក្រុមលេខ២ណាហ្គាវើល បាន៤០លានរៀល។

ចំណែកក្រុមបឹងកេត ដែលបាននាំមុខក្រុមអគ្គិសនីកម្ពុជា ១-០ តាំងពីនាទីទី១៦ បន្ទាប់ពី ខៀវ វិបុល ទាត់បាល់ហ្រ្វីកឃីតចូលទីយ៉ាងល្អនោះ គឺត្រូវក្រុមអគ្គិសនីកម្ពុជា តាមស្មើ ១-១ តាមរយៈការទាត់បាល់ពិន័យ១១ម៉ែត្រ របស់ ម៉ាត ណារ៉ុន នៅនាទីទីបន្ថែម៩០+៧។

លទ្ធផលស្មើគ្នានេះ នាំឲ្យគណៈកម្មការតម្រូវឲ្យក្រុមទាំង២ ទាត់បាល់ប៉េណាល់ទីកាត់សេចក្តីតែម្តង ហើយជាលទ្ធផលក្រុមអគ្គិសនីកម្ពុជា បានយកឈ្នះ ៥-៤ ព្រោះការស៊ុតបាល់របស់កីឡាករជើងចាស់ក្រុមបឹងកេត សុខ ផេង ត្រូវបានអ្នកចាំទី ភួង រ៉ាហ្វាត លោតចាប់បាន។ ការទទួលបានលេខ៣នេះ បានជួយឲ្យក្រុមអគ្គិសនីកម្ពុជា ទទួលបានប្រាក់រង្វាន់ចំនួន២០លានរៀល។

ប៉ុន្តែក្រុមលេខ៤ បឹងកេត មិនទទួលបានអ្វីសោះ ហើយការប្រកួតពានសម្តេចហ៊ុន សែន នៅឆ្នាំនេះ ក៏បានកាត់ចោលនៅប្រាក់រង្វាន់សម្រាប់ផ្តល់ជូនក្រុម Fair play អ្នកចាំទីល្អ និងអ្នកស៊ុតបាល់ចូលទីច្រើនជាងគេ ដែរ។ រីឯប្រាក់រង្វាន់សម្រាប់គ្រូបង្វឹកល្អ និងកីឡាករល្អប្រចាំព្រឹត្តិការណ៍ ត្រូវបានកាត់ចោល តាំងពីឆ្នាំ២០១៦ ចំណែកលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានឧបត្ថម្ភថវិកាចំនួន១០ម៉ឺនដុល្លារ សម្រាប់ចាត់ចែកក្នុងការប្រកួតនេះ៕