គណកម្មាការប្រកួតប្រជែងផ្នែកសហព័ន្ធកីឡាបាល់ទាត់អេស្បាញហៅកាត់ថា(RFEF)បានធ្វើការពិន័យដល់ខ្សែការពារខាងស្តាំរបស់ក្រុមក្រុមស្តេចស Real Madrid កីឡាករ Dani Carvajal មួយប្រកួតក្រោយពីរូបគេត្រូវបានអាជ្ញាកណ្តាលផ្តល់កាតក្រហមបណ្តេញចេញពីការប្រកួតនៅនាទីទី63 ក្នុងជំនួប ElClasico ចាញ់ក្រុម Barcelona ដោយលទ្ធផល 3:0 កាលពីថ្ងៃសៅរ៏សប្តាហ៏មុន។

Cavajal កីឡាករក្រុមជម្រើសជាតិអេស្បាញ បានយកដៃទៅប៉ះបាល់បំណងរារាំង ពីការព្យាយាមស៊ុតបញ្ចូលទីគ្រាប់ទី2 របស់ខ្សែបម្រើ Paulinho។ កំហុសនេះធ្វើអោយអាជ្ញាកណ្តាលសម្រេចអោយបាល់ពិន័យ 11ម៉ែត្រទៅក្រុម Barcelona ខណៈខ្សែប្រយុទ្ធឆ្នើម Lionel Messi ជាអ្នកធ្វើបានសម្រេច ដោយកីឡាករអ្នកចាំទី Keylor Navas មិនអាចជួយសង្គ្រោះបាននោះទេ យ៉ាងណាមិញក្រុមការពារតំណែងជើងឯង Real Madrid ធ្វើមិនបានល្អនោះទេ ហើយរងបរាជ័យ នៅទឹកដីខ្លួនឯងដោយលទ្ធផល 3:0 បន្ទាប់ពីខ្សែការពារ Aleix Vidal បន្ថែមគ្រាប់ បាល់ទី3 មុនបញ្ចប់ការប្រកួតតង់ទី2។

ក្រុមស្តេចស Real Madrid នឹងត្រូវធ្វើដំណើរទៅសួរសុខទុក្ខក្រុម Numancia នៅថ្ងៃទី4 ខែមករាសម្រាប់ការប្រកួត ដណ្តើមពាន Copa Del Rey និងនៅថ្ងៃទី7 មករា ត្រូវប្រកួតជាមួយក្រុម Celta Vigo សម្រាប់ការប្រកួតនៅក្របខណ្ឌ La Liga ។

ប្រភព៖ marca