អតីតគ្រូបង្វឹក Everton លោក Koeman គឺជាមនុស្សម្នាក់ដែលមានទំនាក់ទំនងជិតស្និតជាមួយនិង គ្រូបង្វឹកក្រុម Man.City បច្ចុប្បន្នគឺលោក Pep Guardiola ព្រោះតែពួកគេទាំងពីរនាក់ធ្លាប់លេងជាកីឡាករ Barcelona ក្រោមការដឹកនាំរបស់អតីតគ្រូបង្វឹកលោក Johan Cruyff។ បុរសសញ្ជាតិហូឡង់លោក Koeman តែងតែកោតសរសើរក្រុម Barcelona និងអ្នកចាត់ការលោក Pep ជារៀងរហូតមក។

អតីតគ្រូបង្វឹកក្រុម Southampton និង Feyenood វ័យ 53ឆ្នាំរូបនេះ បានប្រាប់គេហទំព័រកីឡា The Mirror ថា៖ អ្នករាល់គ្នាកំពុងនិយាយថាក្រុម Man.City ធ្វើបានល្អសម្រាប់ការចាប់ផ្តើមរដូវកាលរហូតដល់ពេលនេះ ពីព្រោះតែក្លឹបបានចំណាយហិរញ្ញវត្តុ ដើម្បីទិញយកីឡាករល្អៗ ប៉ុន្តែខ្ញុំគិតថាវាគ្រាន់តែជាចំណែកមួយប៉ុណ្ណោះ អ្វីដែលជាការត្រឹមត្រូវនោះ គឺយើងមានគ្រូបង្វឹកដ៏ល្អម្នាក់នៅចាំគាំទ្រពីក្រោយ ជាមួយលទ្ធផលធ្វើអោយប្រិយមិត្តរីករាយ។

និយាយសំដៅដល់លោក Pep Guadiola អតីតអ្នកចាត់ការទូទៅដែលត្រូវបានក្រុម Everton បញ្ចប់តួនាទី កាលពីពីខែកន្លងមកបានបន្តថា៖ Pep មានគំនិតទស្សនវែងឆ្ងាយ ប្រកបដោយភាពអត់ធ្មត់។ គាត់តែងតែចង់អោយក្រុម ទទួលបានជ័យជំនះ ជាមួយការលើកទឹកចិត្តកូនក្រុមអោយតស៊ូប្រយុទ្ធដល់ទីបំផុត។

ក្រុម Man.City បានចាប់ផ្តើមរដូវកាលថ្មី(2017-2018)បានយ៉ាងល្អ ជាមួយជ័យជំនះ 20ប្រកួត និងស្មើ 2 ប្រកួត បច្ចុប្បន្នកំពុងកាន់កាប់ទីកំពូលតារាង Premier League ។