ក្រុម Manchester United បាននាំយកស្នាមញញឹមមួយដាក់លើផ្ទៃមុខរបស់លោក Jose Mourinho វិញ ខណៈដែលគ្រាប់បាល់ស៊ុតបញ្ចូលទីយ៉ាងល្អពីសំណាក់កីឡាករ Anthony Martial និង Jesse Lingard បានជួយឲ្យពួកគេទទួលជ័យជម្នះ ២-០ លើក្រុម Everton ស្របពេលដែលក្រុម Liverpool បានវាយសម្រុកនៅជិតបញ្ចប់ការប្រកួតដើម្បីកត់ត្រាជ័យជម្នះ ២-១ លើក្រុម Burnley កាលពីថ្ងៃចន្ទ។

Martial បានចូលលេងក្នុងជម្រើសទាំង ១១នាក់ដំបូងជំនួសកន្លែងរបស់ខ្សែប្រយុទ្ធ Romelu Lukaku ហើយកីឡាករវ័យក្មេងរបស់ Man United រូបនេះ បានរកគ្រាប់បាល់បើកឆាកនៅនាទី ទី៥៧ នាកីឡដ្ឋាន Goodison Park នៅមុនពេលខ្សែបម្រើស្លាប Lingard បំពេញជ័យជម្នះយ៉ាងកក់ក្តៅឲ្យក្រុមរបស់ខ្លួនជាមួយនឹងគ្រាប់បាល់បញ្ចូលទីយ៉ាងល្អនៅនាទី ទី៨១។ វាគឺជាជ័យជម្នះយ៉ាងកក់ក្តៅមួយសម្រាប់លោក Mourinho ស្របពេលមានព័ត៌មានថា អ្នកចាត់ការទូទៅរបស់ក្រុម Man United កំពុងតែបាត់បង់ការគាំទ្រពីកីឡាកររបស់លោក ក្រោយពីបានធ្វើការរិះគន់ពួកគេ «ធ្វើដូចជាកូនក្មេង និងមិនមានភាពចាស់ទុំ» ហើយលោកបានទទួលស្គាល់ថា ក្រុមនេះត្រូវការការបណ្តាក់ទុនបន្ថែមទៀតដើម្បីតាមឲ្យទាន់ក្រុម Man City។


Man United បានឡើងទៅឈរក្នុងចំណាត់ថ្នាក់លេខ២ វិញ ក្នុងក្របខ័ណ្ឌ Premier League វិញ ក្រោយពីបញ្ចប់ការខកចិត្តនៃការទទួលបានលទ្ធផលស្មើ៣លើកជាប់ៗគ្នា។ Man United កំពុងតែដេញតាមពីក្រោយក្រុម Man City ១២ពិន្ទុ ខណៈដែលក្រុមកំពុងតែនាំមុខមួយនេះ នឹងត្រូវធ្វើជាម្ចាស់ផ្ទះទទួលក្រុម Watford នៅរាត្រីថ្ងៃអង្គារនេះ និងនាំមុខ ២ពិន្ទុលើក្រុម Chelsea ដែលនឹងត្រូវប្រកួតជាមួយនឹងក្រុម Arsenal នៅថ្ងៃពុធ។ ស្របពេលជាមួយគ្នានេះ Liverpool ដណ្តើមបាន ៣ពិន្ទុពេញ ពេលប៉ះក្រុមខ្លាំង Burnley បើទោះបី Philippe Coutinho និង Mohamed Salah បានអវត្តមានដោយសារតែបញ្ហារបួសភ្លៅ និងក្រលៀនរៀងៗខ្លួនក៏ដោយ៕