ខ្សែបម្រើស្លាប Raheem Sterling បានរកគ្រាប់បាល់បញ្ចូលទីលឿនជាងគេបំផុតនៃក្របខ័ណ្ឌ Premier League នៅរដូវកាលនេះ ខណៈដែលក្រុមកំពុងនាំមុខ Manchester City បានវិលទៅកាន់ផ្លូវនៃជ័យជម្នះតាមរយៈការផ្តួលក្រុម Watford ៣-១ កាលពីថ្ងៃអង្គារ ស្របពេលដែល Fernando Llorente បានជួយឲ្យក្រុម Tottenham ទទួលជ័យជម្នះ ២-០ នៅលើទឹកដីអតីតក្រុមរបស់ខ្លួន Swansea។

Sterling បានរកគ្រាប់បាល់បញ្ចូលទី ក្រោយពីលេងបានត្រឹមតែរយៈពេល ៣៨វិនាទី នៅមុនពេលការធ្វើឲ្យបាល់ចូលទីខ្លួនឯងរបស់កីឡាករ Christian Kabasele ក្នុងតង់ទី១ បានធ្វើឲ្យក្រុមរបស់លោក Pep Guardiola គ្រប់គ្រងទាំងស្រុងតែម្តងនៅកីឡដ្ឋាន Eastlands។ ខ្សែប្រយុទ្ធ Sergio Aguero បានរកគ្រាប់បាល់ទី៣ ឲ្យក្រុមខ្លួន ខណៈដែល Man City បានផ្តល់នូវការឆ្លើយតបដ៏ល្អឥតខ្ចោះ ក្រោយពីការឈ្នះជាប់ៗគ្នារបស់ពួកគេបានបញ្ចប់ត្រឹម ១៨ប្រកួត ក្នុងពេលបញ្ចប់ក្នុងលទ្ធផលស្មើ ០-០ នៅលើទឹកដីក្រុម Crystal Palace កាលពីថ្ងៃអាទិត្យ។

Man City កំពុងតែនាំមុខ ១៥ពិន្ទុដាច់លើក្រុមឈរលេខ២ Manchester United ខណៈដែលពួកគេបន្តធ្វើឲ្យការប្រជែងដណ្តើមពានក្លាយជាការអបអរដ៏វែងមួយ។ លោក Guardiola បានឲ្យដឹងថា៖ «យើងបានលេងយ៉ាងល្អ។ ក្រោយពីបាត់បង់ ២ពិន្ទុ យើងបាននិយាយពីប្រតិកម្មរបស់យើង ពីព្រោះក្រុមធំៗបាត់បង់ពិន្ទុដែរ ប៉ុន្តែមិនច្រើន»។

ជាមួយគ្នានេះ ក្រោយពីផ្តួលក្រុម Swansea លោក Mauricio Pochettino គ្រូបង្វឹករបស់ក្រុម Spurs បានឲ្យដឹងថា៖ «អាកាសធាតុពីមិនអំណោយផលឡើយ ប៉ុន្តែយើងបានគ្រប់គ្រងការប្រកួត និងបានព្យាយាមលេងកីឡាបាល់ទាត់។ ជារួម ខ្ញុំគិតថា យើងលេងបានល្អប្រសើរជាង និងស័ក្តិសមក្នុងការទទួលបាន ៣ពិន្ទុ»៕


កែសម្រួលដោយ៖ Cambosport
ប្រភព៖ Channel News Asia