ខ្សែប្រយុទ្ធ Ousmane Dembele ត្រលប់ពីរបួសនិងបានចូលលេងប្រហែល២០នាទីចុងក្រោយនៃការប្រកួតជើងទី១វគ្គ១៦ក្រុមចុងក្រោយ Copa del Rey យប់ថ្ងៃទី៥ខែមករាឆ្នាំ២០១៨ ដែល Barcelona ស្មើជាមួយម្ចាស់ផ្ទះ Celta Vigo ១-១។
កីឡាករបារាំងវ័យ២០ឆ្នាំ ត្រូវបានប្ដូរចូលក្នុងនាទី៧២ ដែលជាការចូលលេងលើកដំបូងតាំងពីរងរបួសសរសៃពួរក្នុងថ្ងៃទី១៦ខែកញ្ញាឆ្នាំ២០១៧មក។
ក្នុងការប្រកួតយប់មិញដែលលោក Ernesto Valverde សម្រាក Lionel Messi, Luis Suarez និង Andres Iniesta នោះ Barca បានបើកការនាំមុខក្នុងនាទីទី១៥ ដោយខ្សែប្រយុទ្ធមកពីក្រុមយុវជន Jose Arnaiz បន្ទាប់ពីការបញ្ជូនបាល់របស់ Andre Gomes។ ប៉ុន្តែ Pione Sisto តាមស្មើឱ្យម្ចាស់ផ្ទះ Celta វិញក្នុងនាទី៣១ ខណៈ Iago Aspas ស៊ុតបុករបាទី។ ចំណែក Sergio Busquets និង Sergi Roberto ក៏បានស៊ុតបុករបាទីសម្រាប់ Barca ដែរ។
ការប្រកួតជើងទី២នឹងធ្វើឡើងនៅ Camp Nou នៅថ្ងៃព្រហស្បតិ៍ទី១១ខែមករាឆ្នាំ២០១៨៕
ប្រែសម្រួល៖ ប៊ុនតឺម
ប្រភព&រូបថត៖ BBC
Via :keiladaily