លោក Sam Allardyce បានបញ្ជាក់ថា ក្លិប Everton កំពុងតែស្ថិតយ៉ាងប្រកៀកក្នុងការបំពេញការចុះហត្ថលេខាជាមួយនឹង Cenk Tosun និងសង្ឃឹមថា ចុះឈ្មោះខ្សែប្រយុទ្ធអន្តរជាតិតួកគីរូបនេះ ឲ្យទាន់ពេលជួបប្រកួតជាមួយនឹងក្រុម Liverpool ក្នុងពាន FA Cup ជុំទី៣ នៅរាត្រីនេះ។

Everton បានយល់ព្រមលើការផ្ទេរមួយដែលមានតម្លៃខ្លួន២៧លានផោន (ស្មើនឹង៣៦,៦លានដុល្លារអាមេរិក) សម្រាប់ខ្សែប្រយុទ្ធរូបនេះ ក្រោយពីការពិភាក្សាផ្សេងៗជាមួយនឹងលោក Fikret Orman ប្រធានក្លិប Besiktas ក្នុងទីក្រុងឡុងដ៍ កាលពីថ្ងៃពុធ។ Tosun នៅតែត្រូវបំពេញការផ្ទេររបស់គេទៅលើកុងត្រារយៈពេល៤ឆ្នាំកន្លះ នៅឯកីឡដ្ឋាន Goodison Park និងឆ្លងកាត់ការត្រួតពិនិត្យសុខភាពជាមុនសិន ប៉ុន្តែ ប្រសិនបើភាគីទាំងពីរអាចបំពេញលក្ខខណ្ឌផ្សេងៗនៅត្រឹមល្ងាចថ្ងៃសុក្រនេះ ខ្សែប្រយុទ្ធវ័យ ២៦ឆ្នាំរូបនេះ អាចនឹងចូលលេងក្នុងក្រុម Everton សម្រាប់ការប្រកួតពាន FA Cup ជុំទី៣ នាកីឡដ្ឋាន Anfield។

លោក Allardyce បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា៖ «វាគ្រាន់តែនៅសល់លក្ខខណ្ឌផ្ទាល់ខ្លួនប៉ុណ្ណោះ ដែលជាដំណាក់កាលចុងក្រោយ។ ក្រោយពីការចរចាក្នុងរយៈពេលដ៏យូរអង្វែង យើងជិតបំពេញការងារស្រេចបាច់ហើយ។ រូបគេអាចនឹងត្រូវចុះឈ្មោះនៅមុនពេលការប្រកួតពាន FA Cup ប៉ុន្តែ ការបំពេញការនាំយកកីឡាករម្នាក់គឺជារឿងដ៏សំខាន់បំផុត ពីព្រោះការខ្វះអ្នករកគ្រាប់បាល់បានក្លាយជាកង្វល់ដ៏ធំបំផុតរបស់យើង។ ជាមួយនឹងកម្រិតលេង និងអាយុរបស់គេ យើងមិនមានកីឡាករច្រើនដែលមានកម្រិតអាយុល្អបែបនេះឡើយក្នុងក្រុមរបស់យើង ហើយជាការរំពឹងទុក រូបគេនឹងបង្ហាញនូវតម្លៃនៃទឹកប្រាក់»៕

កែសម្រួលដោយ៖ ​Cambosport
ប្រភព៖ The Guardian
Via :cambospor