ខ្សែប្រយុទ្ធ Cristiano Ronaldo រកបានគ្រាប់បាល់ ២ គ្រាប់ក្នុងជ័យជំនះ ៣ទល់និង១ របស់ Juventus យកឈ្នះក្រុម Udinese ដើម្បីមានពិន្ទុតាមស្មើក្រុមកំពូលតារាង Serie A គឺ Inter Milan ជាបណ្តោះអាសន្នក្រោយពីក្រុមរបស់លោក Antonio Conte ប្រកួតបានត្រឹមលទ្ធផលស្មើគ្នាជាមួយ Fiorentina ក្នុងលទ្ធផល ១ទល់និង១ ខណៈគ្រាប់បាល់ស៊ុតបញ្ចូលទីរបស់ក្រុម Inter Milan ច្រើនជាង។

២គ្រាប់របស់ Ronaldo រកបានដោយការបញ្ជូនបាល់ពីចំងាយរបស់ Bonucci មកដល់កីឡាករ Dybala បន្ទាប់មក Ronaldo ក៏សម្រេចចិត្តស៊ុតតែម្តងនៅនាទីទី៩។ ចូលមកដល់នាទីទី៣៧ ខ្សែប្រយុទ្ធស្លាបក្រុមជម្រើសជាតិព័រទុយហ្គាល់ដដែលមានឪកាស រកបានគ្រាប់បាល់ទី២ នៅនាទីទី៣៧ ដោយការបញ្ចូនបាល់របស់មិត្តរួមក្រុមខ្សែប្រយុទ្ធអាហ្សង់ទីន Gonzalo Higuain មុនពេលខ្សែការពារ Bonucci តែតបញ្ចូលទីគ្រាប់បាល់ទី៣នាំមុខអោយក្រុមម្ចាស់ផ្ទះ។

Ronaldo ស្ទើរតែរកគ្រាប់បាល់ hat-trick បានជាលើកដំបូងសម្រាប់ក្របខណ្ឌ SerieA ទៅរដូវកាលនេះទៅហើយដោយការព្យាយាមស៊ុត ២ដង ប៉ុន្តែត្រូវអ្នកចាំទីសង្គ្រោះបាល់បាន មុនពេលកីឡាករ Pussetto រកបានគ្រាប់បាល់វាយបក១គ្រាប់អោយក្រុមភ្ញៀវនៅនាទីទី(៩០+១)។

អ្នកចាំទីជើងចាស់ Gianluigi Buffon បានបង្ហាញខ្លួនជាលើកទី៦៤៦ និងនៅខ្វះតែ ១ប្រកួតទៀតនិងត្រូវស្មើជាមួយមិត្តរួមជាតិនិងជាអតីតខ្សែការពារអ៊ីតាលីកីឡាករ Paolo Maldini។ ប៉ុន្តែសម្រាប់ការបង្ហាញខ្លួនអោយក្លឹបគឺ Buffon មានកំនត់ត្រារហូតដល់ទៅ ៧០០ប្រកួតជាមួយក្លឹបនៅលីគ SerieB និង PSG នៅលីកកំពូលបារាំង Ligue១។