Francis Coquelin កំពុងតែត្រៀមលក្ខខណៈក្នុងការចូលរួមជាមួយនឹងក្លិប Valencia ពីក្លិប Arsenal ក្នុងតម្លៃខ្លួន ១២លានផោន (ស្មើនឹង១៦លានដុល្លារអាមេរិក)។ ឱកាសរបស់ខ្សែបម្រើការពាររូបនេះក្នុងក្លិប Arsenal បានស្ថិតក្នុងភាពស្តួចស្តើង ហើយរូបគេបានបង្ហាញខ្លួនត្រឹមតែ ១លើកគត់ក្នុងក្របខ័ណ្ឌ Premier League។
ខ្សែការពារអន្តរជាតិបារាំងរូបនេះ ធ្លាប់បានជួបភាពរីករាយជាមួយនឹងការបង្ហាញខ្លួនជាញឹកញាប់ ក្រោមការដឹកនាំរបស់លោក Arsene Wenger ក្រោយពីការវិលត្រឡប់របស់គេពីការខ្ចីជើងនៅឯក្លិប Charlton Athletic កាលពីខែកញ្ញា ឆ្នាំ២០១៤ ជាពិសេសនៅពេលដែលរូបគេបានចាប់ដៃគូជាវិជ្ជមានជាមួយនឹងខ្សែបម្រើប្រយុទ្ធ Santi Cazorla។ Valencia កំពុងតែស្ថិតក្នុងចំណាត់ថ្នាក់លេខ៣នៅលើតារាងក្របខ័ណ្ឌ La Liga ហើយពួកគេបានធ្វើការពិចារណាយ៉ាងប្រុងប្រយ័ត្នមុននឹងព្យាយាមប្រមាញ់ទិញ Coquelin នៅអង់គ្លេស ខណៈដែលក្លិប West Ham United និង Crystal Palace ក៏បានបង្ហាញនូវការចាប់អារម្មណ៍ទៅលើរូបគេផងដែរ។
Coquelin បានធ្វើការហ្វឹកហាត់នៅឯកទីលាន London Colney របស់ក្លិប Arsenal កាលពីថ្ងៃអង្គារ ប៉ុន្តែរូបគេមិនស្ថិតក្នុងការពិចារណាដើម្បីដាក់ឲ្យលេងជាមួយនឹងក្លិប Chelsea ក្នុងការប្រកួតពាន Carabao Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជើងទី១ នាកីឡដ្ឋាន Stamford Bridge។ រូបគេក៏បានលុបឈ្មោះចេញក្រុមដែលបានចាញ់ក្រុម Nottingham Forest ក្នុងការប្រកួតពាន FA Cup កាលពីថ្ងៃអាទិត្យផងដែរ ខណៈដែលការចាកចេញរបស់គេប្រហែលជារឿងជៀសមិនរួចឡើយ។ កិច្ចសន្យារបស់គេជាមួយនឹងក្លិប Arsenal នឹងផុតកំណត់ក្នុងឆ្នាំ២០២០៕
ប្រភព៖ The Guardian