ក្លិប Manchester United កំពុងតែស្ថិតយ៉ាងប្រកៀកក្នុងការបំពេញការនាំយកខ្សែបម្រើ Bruno Fernandes ពីក្លិប Sporting Lisbon។
ក្លិបមានមូលដ្ឋាននៅ Old Trafford មួយនេះ កំពុងតែធ្វើការចរចាជាមួយនឹងក្លិប Sporting ក្នុងពេលបើកទីផ្សារដោះដូរកីឡាករនៅខែនេះ ប៉ុន្តែ បដិសេធក្នុងការផ្តល់តម្លៃខ្លួនតាមការស្នើសុំចំនួន៨០លានអឺរ៉ូ (ស្មើនឹង៦៨លានផោន)។
ប៉ុន្តែ ការចរចាប្រកបដោយផ្លែផ្កាមួយកាលពីថ្ងៃអង្គារ បានធ្វើឲ្យ Man United មានការជឿជាក់ក្នុងការឈានដល់ការព្រមព្រៀងគ្នាមួយជាមួយនឹងកីឡាករវ័យ២៥ឆ្នាំរូបនេះ។
តម្លៃខ្លួនគោលនឹងមានចំនួនប្រមាណជា៥៥លានអឺរ៉ូ (ស្មើនឹង៤៧លានផោន ឬ៦០,៦លានដុល្លារអាមេរិក) ប៉ុន្តែ បើបូកទាំងប្រាក់ឧបត្ថម្ភផ្សេងៗ តម្លៃខ្លួនអាចនឹងកើនឡើងសរុប៨០លានអឺរ៉ូ។ ប្រសិនបើការផ្ទេរនេះ ទទួលបានជោគជ័យ វានឹងក្លាយជាការផ្ទេរដ៏ធំបំផុតនៅខែមករានេះ ក្នុងក្របខ័ណ្ឌ Premier League។
លោក Ole Gunnar Solskjaer អ្នកចាត់ការទូទៅរបស់ក្លិប Man United យកខ្សែបម្រើជាតំបន់អាទិភាព ក្នុងការពង្រឹង នៅខែនេះ។ Fernandes បានស៊ុតបាល់បញ្ចូលទី៦៤គ្រាប់ក្នុងការប្រកួត១៣៧លើក ក្នុងរាល់យុទ្ធនាការទាំងអស់ និងបានឈ្នះពាន Portuguese Cup ជាមួយនឹងក្លិប Sporting នៅរដូវកាលឆ្នាំ២០១៨-២០១៩។
រូបគេក៏ជាប់ជាកីឡាករឆ្នើមប្រចាំឆ្នាំរបស់ក្របខ័ណ្ឌ Primeira Liga ក្នុងរដូវកាលឆ្នាំ២០១៧-២០១៨ និង២០១៨-២០១៩ ផងដែរ៕
ប្រភពព័ត៌មាន៖ BBC