ទីបំផុតខ្សែប្រយុទ្ធ Paco Alcacer បានផ្ទេរពីក្រុម Borussia Dortmund មកលេងនៅលីកកំពូល អេស្បាញជាមួយក្រុម Villarreal ដោយចុះកុងត្រារយៈពេល ៥ឆ្នាំកន្លះ។ កីឡាករវ័យ ២៦ឆ្នាំសញ្ជាតិអេស្បាញរកគ្រាប់បាល់បាន ២៣គ្រាប់ក្នុង ៣៧ប្រកួតនៅលីកកំពូលអាឡឺម៉ង់ក្រោយផ្លាស់ពី Barcelona មកកាលពីឆ្នាំ២០១៨។

Alcacer បានសម្រេចចិត្តវិលត្រឡប់មកកាន់ក្របខណ្ឌ La Liga វិញបន្ទាប់ពីមិនបានបង្ហាញខ្លួនអោយ ក្រុម Dortmund ចាប់តាំងពីការមកដល់របស់ខ្សែប្រយុទ្ធ Erling Haaland។

ថ្លែងប្រាប់បណ្តាញសារពត៌មាននាយកប្រតិបត្តិផ្នែកកីឡាក្រុម Dortmund លោក Michael Zorc បាននិយាយថា: វាមិនមែនជាការសំរេចចិត្តងាយស្រួលទេ។ព្រោះយើងបានផ្លាស់ប្តូរទម្រង់លេងរបស់យើងទៅជា ៣-៤-១-២ ជាមួយកីឡាករ Jadon Sancho និង Thorgan Hazard ដែលមានស្រាប់ ព្រមជាមួយ Erling Haaland ផងដែរ។

Haaland រកបាន ៥គ្រាប់ ក្នុងការបង្ហាញខ្លួន ២ប្រកួតចុងក្រោយបន្ទាប់ពីផ្ទេរពីក្រុម Salzsburg ក្នុងតម្លៃខ្លួន ១៧លានផោនកាលពីដើមខែមករា។

ប្រភព៖ BBC