លោក Quique Setien គ្រូបង្វឹករបស់ក្រុម Barcelona បាននិយាយកាលពីថ្ងៃពុធថា លោកនឹងមិនបកស្រាយជុំវិញជម្លោះរវាងខ្សែប្រយុទ្ធ Lionel Messi និងលោក Eric Abidal ដែលជាប្រធានផ្នែកកីឡាឡើយ។
Messi បានវាយបកទៅកាន់លោក Abidal វិញកាលពីថ្ងៃអង្គារ ក្រោយពីបុរសសញ្ជាតិបារាំងរូបនេះ បានស្តីបន្តោសលើការខ្វះនូវការយកចិត្តទុកដាក់ ក្នុងក្រុមកីឡាករ ចំពោះការចាកចេញរបស់លោកគ្រូបង្វឹក Ernesto Valverde។
ក្នុងកិច្ចសម្ភាសមួយជាមួយនឹងកាសែតអេស្ប៉ាញ Sport លោក Abidal បាននិយាយថា ក្រោមការដឹកនាំរបស់លោក Valverde ដែលត្រូវបានបណ្តេញចេញកាលពីពាក់កណ្តាលខែមករា កីឡាករជាច្រើន មិនមានការពេញចិត្ត មិនខិតខំព្យាយាមឲ្យបានខ្លាំងគ្រប់គ្រាន់ និងមិនមានទំនាក់ទំនងគ្នាឲ្យបានល្អ។
លោក Setien ដែលបានចូលជំនួសកន្លែងរបស់លោក Valverde បានឲ្យដឹងថា៖ «ខ្ញុំមិនលូកដៃចូលក្នុងជីវិតរបស់ Messi ឬជីវិតអ្នកផ្សេងឡើយ។ អ្វី ដែលធ្វើឲ្យខ្ញុំចាប់អារម្មណ៍គឺកីឡាបាល់ទាត់ រាល់អ្វីៗផ្សេងទៀត គឺជាស្ថានភាពដែលខ្ញុំមិនអាចគ្រប់គ្រងបានឡើយ ហេតុនេះ ខ្ញុំមិនលូកដៃចូលឡើយ»។
លោក Setien បានបដិសេធថា លោកបាននិយាយជាឯកជនទៅកាន់ខ្សែប្រយុទ្ធអន្តរជាតិអាហ្សង់ទីនរូបនេះ ជុំវិញភាពចម្រូងចម្រាស់ ប៉ុន្តែ បានបញ្ជាក់ថា វាគ្រាន់តែជាការពិភាក្សាក្នុងក្រុមប៉ុណ្ណោះ៕