ការប្រកួតក្របខ័ណ្ឌ Premier League របស់ក្រុម Manchester City ជាមួយនឹងក្រុម West Ham បានស្ថិតក្នុងចំណោមព្រឹត្តិការណ៍កីឡាធំៗដែលត្រូវបានពន្យារពេលកាលពីថ្ងៃអាទិត្យ ខណៈដែលខ្យល់ព្យុះឈ្មោះថា Ciara បានវាយប្រហារចក្រភពអង់គ្លេស។

ខ្យល់បក់ខ្លាំង និងការធ្លាក់ភ្លៀងយ៉ាងខ្លាំងក្លា បានកាត់ផ្តាច់បណ្តាញធ្វើដំណើរជាមួយនឹងអ្នកធ្វើដំណើរ ដែលត្រូវបានណែនាំឲ្យធ្វើដំណើរ ក្នុងករណីដែលចាំបាច់ប៉ុណ្ណោះ។

Man City បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ដោយសារតែបញ្ហាអាកាសធាតុដ៏គួរឲ្យបារម្ភ និងការយកចិត្តទុកដាក់ខ្ពស់លើសុវត្ថិភាពអ្នកគាំទ្រ និងបុគ្គលិក ការប្រកួតនៅថ្ងៃនេះត្រូវបានពន្យារពេល»។

Man City បានបន្ថែមទៀតថា៖ «ការសម្រេចចិត្តនេះ ត្រូវបានធ្វើឡើងដោយមន្ត្រីសុវត្ថិភាពរបស់ Manchester City បន្ទាប់ពីការពិភាក្សាជាមួយនឹងម្ចាស់ភាគហ៊ុនក្លិប និងមន្ត្រីនៅឯក្លិប West Ham United»៕

ប្រភពព័ត៌មាន៖ Channel News Asia