កីឡាបាល់ទាត់អាជីពនៅលីកលំដាប់ទី ២ របស់អាឡឺម៉ង់(Division ២) ម្នាក់ត្រូវបានរកឃើញថារូបគេ មានផ្ទុកមេរោគរលាកផ្លូវដង្ហើម Covid-១៩ ក្រោយពីឆ្លងកាត់ការធ្វើតេស្ត៍កាលពីពុធនេះ។
ក្លឹប Hannover បាននិយាយថាខ្សែការពាររបស់ពួកគេគឺ Timo Hubers មានវ័យ ២៣ឆ្នាំកំពុងត្រូវបានក្រុមគ្រូពេទ្យដាក់អោយស្ថិតនៅដាច់ពីគេឯងនៅផ្ទះ ខណៈបុគ្គលិកដែលនៅសេសសល់នឹងត្រូវធ្វើតេស្ត៏រកមើលមេរោគដែលកំពុងយាយីពិភពលោកមានដើមកំណើតពីប្រទេសចិនមួយនេះ។
លោក Gerhard Zuber នាយកផ្នែកកីឡានៃក្លឹប Hannover ៩៦ បាននិយាយថា: Timo មានអាកប្បកិរិយាល្អ។ គាត់មិនបានបង្ហាញរោគសញ្ញាដោយខ្លួនឯងទេ។ រហូតមកដល់ពេលនេះនៅពេលដែលគាត់បានរកឃើញថាមានផ្ទុកមេរោគ ក្រោយពីមនុស្សម្នាក់ដែលបាននៅជាមួយគាត់ ត្រូវបានគេធ្វើតេស្ត៍វិជ្ជមានគាត់ក៏បានរាយការណ៍ទៅវេជ្ជបណ្ឌិតដោយផ្ទាល់ទើបដឹងលទ្ធផល។ ក្រុមបាល់ទាត់ និង គ្រូបង្វឹកព្រមទាំងបុគ្គលិកទាំងមូលកំពុងត្រូវបានគេធ្វើតេស្តរកមើលវីរុសនេះជាការប្រុងប្រយ័ត្នបំផុត។
ប្រភព៖ Dailymail