ខ្សែការពារ Virgil Van Dijk មានការព្រួយបារម្ភថា ក្រុម Liverpool នឹងត្រូវបង្ខំឲ្យលើកពានអង់គ្លេសជាលើកដំបូងរបស់ខ្លួន ក្នុងរយៈពេល៣០ឆ្នាំនៅកីឡដ្ឋានដែលគ្មានអ្នកគាំទ្រ ដោយសារតែការវឹកវររបស់ជំងឺកូរ៉ូណា។
រាល់ការប្រកួតក្របខ័ណ្ឌ Premier League ទាំងអស់ នឹងត្រូវពន្យារពេលយ៉ាងហោចណាស់រហូតដល់ថ្ងៃទី៣ ខែមេសា ដោយសារតែការរាតត្បាតរបស់ជំងឺកូរ៉ូណាទូទាំងពិភពលោក។ ប្រធានក្របខ័ណ្ឌ Premier League នឹងត្រូវជួបប្រជុំគ្នានៅថ្ងៃព្រហស្បតិ៍ ដើម្បីពិភាក្សាថា តើខ្លួននឹងត្រូវបន្តលេងក្នុងរដូវកាលនេះ ឬយ៉ាងណា ហើយប្រសិនបើបន្ត ត្រូវលេងក្នុងរូបមន្តបែបណា។
ការប្រកួតនានា អាចនឹងត្រូវលេងក្នុងកីឡដ្ឋានដែលគ្មានអ្នកគាំទ្រ ដែលនឹងមានន័យថា ក្រុម Liverpool ដែលកំពុងតែនាំមុខ២៥ពិន្ទុដាច់ ពីលើក្រុមឈរលេខ២ Manchester City ត្រូវឈ្នះពានដោយគ្មានអ្នកគាំទ្ររបស់ខ្លួន បង្ហាញវត្តមាន។
នេះគឺជាការរំពឹងទុកដ៏ខកចិត្តមួយពីសំណាក់ខ្សែការពារ Van Dijk របស់ក្រុម Liverpool។ កីឡាកររូបនេះបានប្រាប់កាសែតចក្រភពអង់គ្លេសជាច្រើន កាលពីថ្ងៃអាទិត្យថា៖ «ប្រសិនបើយើងឈ្នះពាននៅកីឡដ្ឋានដែលគ្មានអ្នកគាំទ្រ ហើយអ្នកគាំទ្រមិននៅទីនោះ ខ្ញុំពិតជាខកចិត្តចំពោះពួកគេណាស់»៕
ប្រភពព័ត៌មាន៖ Channel News Asia